ព័ត៌មានអន្តរជាតិ

Update: មនុស្សចំនួន១០នាក់ នៅទឹកដីជប៉ុន ត្រូវបានគេបញ្ជាក់ថាស្លាប់ ក្រោយជួបហេតុការណ៍លិចទូកនៅដែនកោះហុកកៃដូ

តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ថា មនុស្សចំនួន១០នាក់ ត្រូវបានគេអះអាងថា បានស្លាប់កាលពីថ្ងៃអាទិត្យ បន្ទាប់ពីទូកទេសចរណ៍១គ្រឿង ដែលមានអ្នកដំណើរ និងនាវិកសរុបចំនួន២៦នាក់ បានបាត់ខ្លួន នៅឯភាគខាងកើតកោះហុកកៃដូ ភាគខាងជើងប្រទេសជប៉ុន កាលពីថ្ងៃសៅរ៍ ។ ឆ្នំាប្រចាំដែនសមុទ្រជប៉ុន (JCG)បានបញ្ជាក់ដូច្នេះ ។

យោងតាម JCG បានឱ្យដឹងថា ទូកដែលមានឈ្មោះថា Kazu I ត្រូវបានគេរាយការណ៍ថា វាបានលិចចូលក្នុងទឹកនៅភាគខាងកើតកោះហុកកៃដូ ខណៈដែលកំពុងទស្សនាទេសភាពជុំវិញឧបទ្វីប Shiretoko កាលពីរសៀលថ្ងៃសៅរ៍ ហើយបន្ទាប់មកទូកនោះបានបាត់ខ្លួន ។
យោងតាម JCG អ្នកដំណើរ២៤នាក់បាននៅលើទូក រួមជាមួយនឹងសមាជិកនាវិក២នាក់ ហើយអ្នកដំណើរមានកុមារ២នាក់ ។

សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា អ្នកស្លាប់រួមមានបុរស៧នាក់ និងស្រី៣នាក់ ។

ឆ្មាំប្រចាំឆ្នេរបានលើកឡើងថា ខ្លួនបានទទួលរបាយការណ៍ប្រហែលម៉ោង១និង១៥ នាទីរសៀល ។ ម៉ោងក្នុងស្រុកថ្ងៃសៅរ៍ ហើយកប៉ាល់ល្បាតត្រូវបានធ្វើដំណើរទៅ កាន់ទីតាំងប្រហែលម៉ោង៥ និង៣០នាទីល្ងាច។ ម៉ោងក្នុងស្រុកថ្ងៃសៅរ៍ ដើម្បីធ្វើការជួយសង្គ្រោះ ។

យោងតាមសហករណ៍ជលផលក្នុងស្រុកបានឱ្យដឹងថា រលកខ្ពស់ និងខ្យល់បក់ខ្លាំងត្រូវបានគេសង្កេតឃើញនៅក្នុងតំបន់ប្រហែលថ្ងៃត្រង់ថ្ងៃសៅរ៍ ហើយទូកនេសាទបានត្រឡប់ទៅកំពង់ផែវិញមុនថ្ងៃត្រង់ ដោយសារអាកាសធាតុអាក្រក់ នេះបើយោងតាមសហករណ៍ជលផលក្នុងស្រុក ។

នៅទីក្រុងតូក្យូ ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍បានបង្កើតក្រុមការងារលើគ្រោះថ្នាក់នៅកោះហុកកៃដូ ។

មន្ត្រីរដ្ឋាភិបាលម្នាក់បានលើកឡើងថា នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានណែនាំសមាជិកគណៈរដ្ឋមន្ត្រីរបស់លោកឱ្យ “ធ្វើអ្វីគ្រប់យ៉ាងតាមអំណាចរបស់ពួកគេ ដើម្បីសង្គ្រោះជីវិត” ។

យន្តហោះ និងកប៉ាល់ដែលបញ្ជូនដោយឆ្មាំឆ្នេរសមុទ្រ និងកងកម្លាំងស្វ័យការពារបច្ចុប្បន្ន កំពុងបន្តជាមួយនឹងកិច្ចប្រឹងប្រែងជួយសង្គ្រោះ ក្នុងករណីលិចទូកទេសចរណ៍នេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top