ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ថា រុស្ស៊ី បានលើកឡើងនៅថ្ងៃសៅរ៍ថា ខ្លួនរំពឹងថា លំហូរទំនិញជាមួយប្រទេសចិននឹងកើនឡើង ហើយពាណិជ្ជកម្មជាមួយទីក្រុងប៉េកាំង នឹងឈានដល់ ២០០ពាន់លានដុល្លារ នៅឆ្នាំ២០២៤ ខណៈដែលទីក្រុងម៉ូស្គូ ប្រឈមនឹងភាពឯកោកាន់តែខ្លាំងឡើង ពីលោកខាងលិច ។
ប្រទេសចិន បានបដិសេធមិនថ្កោលទោស សកម្មភាពរបស់រុស្ស៊ីនៅអ៊ុយក្រែន ហើយបានរិះគន់ការដាក់ទណ្ឌកម្ម របស់លោកខាងលិចដែលមិនធ្លាប់មាន ពីមុនមកលើទីក្រុងម៉ូស្គូ។ ប្រទេសទាំង២ បានពង្រឹងទំនាក់ទំនង ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រួមទាំងការប្រកាសភាពជាដៃគូ “គ្មានដែនកំណត់” នៅក្នុងខែកុម្ភៈ ។
លោក Georgiy Zinoviev ប្រធាននាយកដ្ឋានអាស៊ីដំបូង របស់ក្រសួងការបរទេសរុស្ស៊ី បានប្រាប់ទីភ្នាក់ងារព័ត៌មាន Interfax ថា “យើងកំពុងផ្តោតលើការសម្រេចបាន នូវគោលដៅដែលកំណត់ដោយ ប្រមុខរដ្ឋដើម្បីនាំមកនូវចំណូល ពាណិជ្ជកម្មទ្វេភាគីដល់ 200 ពាន់លានដុល្លារនៅឆ្នាំ២០២៤” ។
“លើសពីនេះ យើងស្នើឱ្យឈានដល់តួលេខដ៏មាន មហិច្ឆតានេះលឿនជាងការគ្រោងទុក គឺពិតជាអាចទៅរួច” ។
ជាមួយនឹងពាណិជ្ជកម្មរុស្ស៊ីត្រូវរងទណ្ឌកម្ម លោក Zinoviev បានលើកឡើងថា ពេលវេលាចាំបាច់ដើម្បីសម្របខ្លួន ។ លោកបានលើកឡើងថា ការតស៊ូរបស់ប្រទេសចិន ជាមួយជំងឺកូវីដ-១៩ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ក៏ជាកត្តាដែលអាចធ្វើអោយស្មុគស្មាញ ដល់កិច្ចខិតខំប្រឹងប្រែងផងដែរ ។
លោក Zinoviev បានថ្លែងថា “អាជីវកម្មចិន នៅតែចាប់អារម្មណ៍ក្នុងការពង្រីកវត្តមាន របស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី ដែលឱកាសបន្ថែមកំពុងបើកចំហរ ដោយសារការចាកចេញរបស់ ក្រុមហ៊ុនលោកខាងលិចមួយចំនួន“ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា