ព័ត៌មានអន្តរជាតិ

អ៊ុយក្រែននិយាយថា បានបំផ្លាញទីបញ្ជាការធំរបស់រុស្ស៊ី ដោយសម្លាប់ទាហានរុស្ស៊ី ២០០នាក់ និងឧត្តមសេនីយ៍ម្នាក់

បរទេស៖ មន្ត្រីអ៊ុយក្រែនបាននិយាយថា ការវាយប្រហារលើមជ្ឈមណ្ឌល បញ្ជាការធំរបស់រុស្ស៊ីមួយ នៅភាគខាងកើតទីក្រុង Izyum កាលពីល្ងាចថ្ងៃសៅរ៍ បានសម្លាប់ទាហានរុស្ស៊ីប្រហែល ២០០នាក់ រួមទាំងឧត្តមសេនីយ Andrei Simonov ប៉ុន្តែគ្រាន់តែខកខានក្នុងការ វាយទៅលើប្រធានអគ្គសេនាធិការ នៃយោធារុស្ស៊ី ឧត្តមសេនីយ Valery Gerasimov ដែលទើបតែបានបញ្ចប់ ដំណើរទស្សនកិច្ចសម្ងាត់ទៅកាន់កងទ័ព និងមជ្ឈមណ្ឌលបញ្ជាការអាកាស។ មុននេះ របាយការណ៍ដែល មិនបានបញ្ជាក់បានណែនាំថា ឧត្តមសេនីយ៍ Gerasimov បានរងរបួសនៅក្នុងវាយប្រហារ។

យោងតាមវែបសាយ MSN ចេញផ្សាយកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា មន្រ្តីសហរដ្ឋអាមេរិក២នាក់ បានប្រាប់កាសែត New York Times ថា ឧត្តមសេនីយ៍ Gerasimov បានស្ថិតនៅភាគខាងកើតអ៊ុយក្រែន ក្នុងរយៈពេលពីរបីថ្ងៃកន្លងមក ដែលជាជំហានដ៏កម្រមួយសម្រាប់ មន្ត្រីឯកសណ្ឋានកំពូលរបស់រុស្ស៊ី ប៉ុន្តែមិនអាចផ្តល់ព័ត៌មានណាមួយ អំពីការវាយប្រហារលើ School No. 12 ដែលជាមជ្ឈមណ្ឌលបញ្ជានៅ Izyum របស់ទ័ពរុស្ស៊ីនោះទេ។ មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនបានប្រាប់កាសែត Times ប្រទេសរបស់គាត់បានដឹងពី ដំណើរទស្សនកិច្ចរបស់ឧត្តមសេនីយ៍ Gerasimov ទៅកាន់សមរភូមិជួរមុខ ប៉ុន្តែថា ឧត្តមសេនីយរូបនេះ បានត្រឡប់ទៅប្រទេសរុស្ស៊ីវិញហើយ នៅពេលដែលគ្រាប់រ៉ុក្កែត បានវាយប្រហារទៅលើ School No. 12 ។

មន្ត្រីរូបនេះបាននិយាយថា “ការសម្រេចចិត្តបំផ្លាញគោលដៅនេះ មិនមែនដោយសារឧត្តមសេនីយ៍ Gerasimov ទេ ប៉ុន្តែដោយសារតែវាជា មូលដ្ឋានប្រតិបត្តិការដ៏សំខាន់” ។ ឧត្តមសេនីយ៍របស់រុស្ស៊ី លោក Gerasimov គឺជាស្ថាបត្យករសំខាន់ម្នាក់ ក្នុងចំណោមស្ថាបត្យករសំខាន់ៗចំនួនបី នៃការលុកលុយអ៊ុយក្រែនរបស់រុស្ស៊ី រួមជាមួយនឹងប្រធានាធិបតីរុស្ស៊ី Vladimir Putin និងរដ្ឋមន្ត្រីការពារជាតិ Sergei Shoigu ៕

ប្រែសម្រួលៈ ណៃ តុលា

To Top