ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) តំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញចូលរួមសំណេះសំណាល និងប្រកាសបិទកម្មវិធី ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច , ប្រធានគណៈពង្រឹងមូលដ្ឋានខេត្តកណ្តាល និងជាប្រធានគណៈអចិន្ត្រៃយ៍គណៈពង្រឹងមូលដ្ឋានស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងស្រុកកៀនស្វាយ។
ក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់នេះ លោកបណ្ឌិត បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់អគ្គបណ្ឌិតសភាចារ្យ ទៅកាន់យុវជនជាកីឡាករទាំងអស់ ដែលបានចូលរួមប្រកួតកីឡាបាល់ទាត់ ដណ្តើមពានរង្វាន់នាពេលនេះ។
លោកក៏បានណែនាំទៅកាន់យុវជន ដែលជាក្រុមកីឡាបាល់ទាត់ទាំងអស់ថា យុវជនដែលបានចូលរួមប្រកួតទាំងអស់ ត្រូវខិតខំហ្វឹកហាត់បន្ថែមទៀត ដើម្បីចូលប្រកួតដណ្តើមពាននាពេលក្រោយទៀត និងសូមឱ្យយុវជនត្រូវនាំគ្នាលេង កីឡាជាប្រចាំដើម្បីរក្សាសុខភាព និងជៀសវាងការប្រើប្រាស់គ្រឿងញៀន ដែលនាំឲ្យអន្តរាយដល់សុខភាព និងសង្គមជាតិ។
លោកថា យុវជនទាំងអស់ក្នុងស្រុកខ្សាច់កណ្តាល ត្រូវរួមការងារសម្អាតបរិស្ថាន នៅក្នុងភូមិ ឃុំ ដែលធ្វើឲ្យមានបរិយាកាសល្អ គ្មានជំងឺ និងខិតខំសិក្សារៀនសូត្រ ដើម្បីធ្វើជាទំពាំងស្នងឬស្សី ដែលអាចបន្តវេនការងារដឹកនាំក្នុងភូមិ ឃុំ ស្រុក នាពេលខាងមុខ និងចូលរួមសកម្មភាពការងារ បោះឆ្នោតនៅក្នុងខែមិថុនា។
លោកបណ្ឌិត ក៏បានប្រគល់រង្វាន់ដល់ក្រុមកីឡាករជ័យលាភី និងថ្លែងអំណរគុណ ដល់អាជ្ញាធរដែនដី និងលោកឧកញ៉ា ស្រីចាន់ ថន ដែលបានរៀបចំផ្តល់តារាង និងទីតាំងក្នុងការប្រកួតបាល់ទាត់ ព្រមទាំងមានកម្លាំងសមត្ថកិច្ច ចូលរួមការពារក្នុងពេលប្រកួត ៕