ព័ត៌មានអន្តរជាតិ

យោធាស្រីលង្កា អនុញ្ញាតឱ្យរក្សាច្បាប់ និងសណ្តាប់ធ្នាប់ ចំពេលមានភាពចលាចល កំពុងកើនឡើង

កូឡុំបូ ៖ ក្រសួងការពារជាតិស្រីលង្កា កាលពីថ្ងៃអង្គារ បានបញ្ជាឱ្យកងកម្លាំង ប្រដាប់អាវុធរបស់ប្រទេសនេះ បើកការបាញ់ប្រហារ ទៅលើនរណាម្នាក់ ដែលលួចទ្រព្យសម្បត្តិសាធារណៈ ឬបង្កគ្រោះថ្នាក់ដល់អ្នកដទៃ បន្ទាប់ពីមានការប៉ះទង្គិចគ្នា ដោយហិង្សាពេញមួយថ្ងៃ។

លោកប្រធានាធិបតី Gotabaya Rajapaksa ក៏បានជំរុញប្រជាជនកាលពីថ្ងៃអង្គារ ឱ្យរក្សាភាពស្ងប់ស្ងាត់ និងជៀសវាងអំពើហិង្សា និងការសងសឹកប្រឆាំងនឹងអ្នកដទៃ ដោយបន្ថែមថា កិច្ចខិតខំប្រឹងប្រែងទាំងអស់នឹងត្រូវធ្វើឡើង ដើម្បីស្ដារស្ថិរភាពនយោបាយតាមរយៈការឯកភាព។

មានឧប្បត្តិហេតុហឹង្សាជាច្រើននៅក្នុងប្រទេសនេះ បន្ទាប់ពីក្រុមគាំទ្ររដ្ឋាភិបាល បានប៉ះទង្គិចជាមួយក្រុមបាតុករប្រឆាំងរដ្ឋាភិបាលកាលពីថ្ងៃច័ន្ទ ដែលបានបណ្តាលឲ្យមនុស្ស ៨ នាក់ស្លាប់ និងជាង ២០០ នាក់រងរបួស។

បម្រាមគោចរទូទាំង ប្រទេស ត្រូវបានដាក់ ចាប់ពីថ្ងៃចន្ទ រហូតដល់ថ្ងៃពុធ ហើយយោធា ត្រូវបានដាក់ពង្រាយ ដើម្បីរក្សាច្បាប់ និង សណ្តាប់ធ្នាប់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នាយករដ្ឋមន្រ្តីស្រីលង្កា លោក Mahinda Rajapaksa បានលាលែងពីតំណែងជានាយករដ្ឋមន្ត្រី របស់ប្រទេសស្រីលង្កាកាលពីថ្ងៃចន្ទ ខណៈដែលការតវ៉ា ដោយហិង្សាបានផ្ទុះឡើង ជុំវិញវិបត្ដិសេដ្ឋកិច្ចរបស់ប្រទេសនេះ ។

ប្រធានសភា Mahinda Yapa Abeywardena កាលពីថ្ងៃអង្គារក៏បានស្នើឱ្យ ប្រធានាធិបតីកោះប្រជុំសភាឡើងវិញ និងស្វែងរកដំណោះស្រាយ ចំពោះអស្ថិរភាពនយោបាយ នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top