បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃពុធម្សិលមិញនេះបានឲ្យដឹងថា ប្រទេសរុស្សីកំពុងតែចាប់ផ្តើមប្រញាប់ប្រញ៉ាល់ ក្នុងការដាក់សំពាធបន្ថែមទៀត ជុំវិញបញ្ហាចោទប្រកាន់ របស់ខ្លួនអំពីមន្ទីរពិសោធជាច្រើនកន្លែង របស់អ៊ុយក្រែនដែលស្ថិតនៅក្រោម មូលនិធីពីសហរដ្ឋអាមេរិក។
ក្នុងនោះរុស្សីក៏បានបញ្ជាក់ដែរថា មន្ទីរពិសោធទាំងនោះក៏មានការចូលរួម ពីសំណាក់បណ្តាប្រទេសជាសមាជិក របស់អង្គការណាតូមួយចំនួនផងដែរ ដែលមានដូចជា អាល្លឺម៉ង់និងប៉ូឡូញជាដើម នេះបើយោងតាមការបញ្ជាក់ ដោយមេបញ្ជាការរុស្សីលោក Igor Kirillov ប្រធានផ្នែកកិច្ចការងារវិទ្យុសកម្មជាតិ។
លោកថ្លែងបែបនេះថា៖ មិនមែនតែអាមេរិកនោះទេ ប៉ុន្តែថែមទាំងសមាជិកសម្ព័ន្ធមិត្ត របស់អាមេរិកនិងណាតូផងដែរ ដែលកំពុងចូលរួមពាក់ព័ន្ធ ក្នុងគម្រោងវេជ្ជសាស្ត្របែបយោធា នៅតាមមន្ទីរពិសោធទាំងនោះ ក្នុងប្រទេសអ៊ុយក្រែន។
គួរឲ្យដឹងដែរថា ប្រទេសរុស្សីចាប់ផ្តើមធ្វើការ ចោទប្រកាន់និងការបង្ហាញភស្តុតាង ជាបន្តបន្ទាប់ចំពោះបញ្ហាបង្កើន មន្ទីរពិសោធជាច្រើនក្រោម មូលនិធីអាមេរិកនៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងតែពីពេលដែល រុស្សីបានបើកការប្រតិបត្តិការពិសេស ក្នុងប្រទេសអ៊ុយក្រែន ៕
ប្រែសម្រួល៖ ស៊ុន លី