ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រាប់ឱ្យក្រសួងការបរទេស និងក្រសួងមហាផ្ទៃកម្ពុជា សម្របសម្រួលរៀបចំ ធ្វើអត្តសញ្ញាណបណ្ណជូន ពលរដ្ឋខ្មែរ ដែលរស់នៅក្រៅប្រទេស ដើម្បីពួកគេអាចចូលរួម ការបោះឆ្នោតនៅកម្ពុជា។
ការណែនាំទៅកាន់ស្ថាប័នពាក់ព័ន្ធនេះ ក្នុងគោលបំណង ផ្ដល់ភាពងាយស្រួល ដល់ប្រជាពលរដ្ឋខ្មែរ ដែលចង់ទិញអចលនទ្រព្យ នៅពេលត្រឡប់មកប្រទេសកំណើតវិញ នៅថ្ងៃណាមួយ ។
ថ្លែងក្នុងកម្មពិធីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋខ្មែររស់នៅអាមេរិក និងកាណាដា សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា « ខ្ញុំបានប្រាប់ទៅឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ត្រូវធ្វើការជាមួយស្ថាប័នពាក់ព័ន្ធ ពិសេសផ្នែកអត្តសញ្ញាណកម្ម ដើម្បីសម្រួលការងារនេះ »។
សម្ដេចថា ក្រសួងការបរទេសមាន ផ្នែកកុងស៊ុល និងក្រសួងមហាផ្ទៃ មានផ្នែកអន្តោប្រវេសន៍ និងអត្តសញ្ញាកម្ម ។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា «បងប្អូនមកនេះ អត់មានសញ្ជាតិខ្មែរទេ ព្រោះមកតាំងពីតូច ឬមកអត់មានឈ្មោះបញ្ជីក្នុងស្រុកទេ។ អីចឹងត្រូវធ្វើម៉េចឲ្យបងប្អូន អាចមានអត្តសញ្ញាណបណ្ណខ្មែរបាន ព្រោះមួយចំនួនមាន តែមួយចំនួនអត់មានទេ ។ យើងត្រូវរកនីតិវិធីសម្រួល ឲ្យបងប្អូនយើងដែលនៅក្រៅប្រទេស មានលទ្ធភាព ព្រោះខ្លះទៅស្រុកទិញដីទិញធ្លី ធ្វើផ្ទះ» ។
ពាក់ព័ន្ធទៅនឹងការជំរុញ ឱ្យធ្វើអត្តសញ្ញាបណ្ណ ជូនពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ផងដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ដាំដល់ប្រជាពលរដ្ឋខ្មែរ នៅក្រៅប្រទេស នៅពេលទទួលបានអត្តសញ្ញាណសញ្ជាតិខ្មែរ ហើយនោះ ត្រូវទៅចុះឈ្មោះបោះឆ្នោត ហើយការបោះឆ្នោតនេះទៀតសោត ត្រូវទាមទារសិទ្ធិបោះឆ្នោតដោយផ្ទាល់ មិនអាចបោះឆ្នោតតាមប្រៃសណីយនោះទេ ព្រោះជាច្បាប់បោះឆ្នោតរបស់កម្ពុជា គឺត្រូវបោះឆ្នោតផ្ទាល់។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានលើកជាឧទាហរណ៍ជាក់ស្ដែងថា ការបោះឆ្នោត តាមប្រៃសណីយ៍មិនស្រួលនោះទេ សូម្បីតែអាមេរិកផ្ទាល់នេះ ក៏ជួបបញ្ហារួចមកហើយ រហូតមានទំនាស់ រវាងគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ របស់លោក ដូណាត្រាំ និងលោក ចូបៃ ឌិន។
សម្ដេចបន្ដថា កាលនោះបើរាប់សន្លឹកឆ្នោត ដែលបោះដោយផ្ទាល់ គឺលោក ដូណាត្រាំ ជាអ្នកឈ្នះ ប៉ុន្ដែបើបូកបញ្ចូលការបោះឆ្នោត តាមប្រៃសណីយ គឺលោក ចូបៃ ឌិន ជាអ្នកដែលទទួលបានជ័យជម្នះ ។ សម្ដេចតេជោ ហ៊ុន សែន បានអះអាងទៀតថា អាមេរិក ដែលបិតាប្រជាធិបតេយ្យហើយ នៅតែមានការចោទប្រកាន់បែបនេះ រហូតមានជម្លោះឈាន ដល់ការធ្វើបាតុកម្មជាដើម៕