ព័ត៌មានអន្តរជាតិ

បារាំង បដិសេធការអះអាងរបស់ អ៊ុយក្រែនដែលចោទថា លោក Macron ស្នើឱ្យលោក Zelensky ធ្វើសម្បទានទឹកដីឱ្យរុស្ស៊ី

បរទេស៖ វិមាន Elysee របស់បារាំងបានទទូចថា ប្រធានាធិបតីបារាំងលោក Emmanuel Macron “មិនដែល” បានស្នើឱ្យលោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន ធ្វើសម្បទានទឹកដី ដើម្បីបញ្ចប់ជម្លោះដែល កំពុងបន្តជាមួយរុស្ស៊ី ផ្ទុយទៅនឹងសេចក្តីថ្លែងការណ៍ របស់មេដឹកនាំអ៊ុយក្រែន ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងអំឡុងពេលបទសម្ភាសន៍ កាលពីថ្ងៃព្រហស្បតិ៍ជាមួយទូរទស្សន៍អ៊ីតាលី Rai 1 លោក Zelensky បានចោទលោក Macron ថា បានស្នើឱ្យមានការខិតខំប្រឹងប្រែងមួយដើម្បី “ស្វែងរកផ្លូវចេញសម្រាប់ប្រទេសរុស្ស៊ី” ដូច្នេះការប្រយុទ្ធគ្នានៅអ៊ុយក្រែន អាចបញ្ឈប់បាន។

ប្រធានាធិបតីអ៊ុយក្រែន បាននិយាយនៅពេលសួរអំពីការ ព្រមានរបស់សមភាគីបារាំងថា អឺរ៉ុបត្រូវតែជៀសវាងការធ្វើឱ្យ លោកពូទីនអាម៉ាស់មុខថា “ការស្នើឱ្យពួកយើងលះបង់នូវ អធិបតេយ្យភាពរបស់យើង ដើម្បីសង្គ្រោះមុខមាត់របស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ហាក់ដូចជាមិនត្រឹមត្រូវទេ មកពីមេដឹកនាំមួយចំនួន។ វាជាការខ្ជះខ្ជាយពេលវេលា” ។

វិមានប្រធានាធិបតីបារាំង បានឆ្លើយតបទៅនឹងការអះអាង ទាំងនោះកាលពីថ្ងៃសុក្រដោយទទូចថា លោក Macron “មិនដែលស្នើសុំការសម្បទានពីលោក Zelensky ទេ។ លោកតែងតែនិយាយថា វាអាស្រ័យលើប្រជាជនអ៊ុយក្រែន ក្នុងការសម្រេចចិត្តលើលក្ខខណ្ឌ នៃការចរចាជាមួយរុស្ស៊ី»៕

ប្រែសម្រួលៈ ណៃ តុលា

To Top