ភ្នំពេញ ៖ លោក Jacques PELLET ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋបារាំង ប្រចាំកម្ពុជា បានសម្ដែងមោទកភាព ចំពោះកងទ័ពមួកខៀវកម្ពុជា ជាពិសេសស្រ្តី ខណៈបច្ចុប្បន្ន ជនរងគ្រោះនៅក្នុងបណ្តារដ្ឋ កំពុងមានសង្គ្រាម គឺជាស្ត្រី ដូច្នេះជាការចាំបាច់ដែលស្ត្រី អាចធ្វើការយ៉ាងជិតស្និទ្ធជាមួយស្រ្តី។
ការបង្ហាញមោទកភាព របស់ទូតបារាំងនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារ ជាមួយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។
ក្នុងជំនួបនេះលោក Jacques PELLET បានបង្ហាញការកត់សម្គាល់ថា កម្ពុជាជាប្រទេស ដែលមានបទពិសោធន៍យ៉ាងជូរចត់ ក្នុងនាមជាជនរងគ្រោះ ដោយសារសង្គ្រាមរ៉ាំរ៉ៃ ប៉ុន្តែឥឡូវកម្ពុជា មានកងទ័ពប្រកបដោយសមត្ថភាពខ្ពស់ ទាំងលើជំនាញ PKO និងផ្នែកភាសាបារាំងរាប់ពាន់នាក់ ដែលបាននិងកំពុងបំពេញភារកិច្ច នៅក្នុងបណ្តាប្រទេសជាច្រើន ក្នុងពិភពលោក ហើយក្នុងនោះអ្វីដែលជាមោទកភាពបំផុត គឺកងម្លាំងមួកខៀវរបស់កម្ពុជា មានស្ត្រីរហូតដល់ ១៩% ដែលជាប្រការល្អហួសពីការរំពឹងទុក របស់អង្គការសហប្រជាជាតិទៅទៀត។
លោកទូតបញ្ជាក់ថា «សំខាន់ គឺកងកម្លាំងជាស្ត្រីទាំងអស់នេះ ពិតជាមានសារៈសំខាន់ និងកំពុងមានតម្រូវការច្រើន ដោយហេតុថា ភាគច្រើននៃជនរងគ្រោះ នៅក្នុងបណ្តារដ្ឋ ដែលកំពុងមានសង្គ្រាម គឺជាស្ត្រី ដូច្នេះជាការចាំបាច់ដែលស្ត្រី អាចធ្វើការយ៉ាងជិតស្និទ្ធ ជាមួយស្រ្តី»។
ដោយឡែក មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានលើកឡើងអំពីចំណងមិត្តភាពដ៏យូរអង្វែង រវាងប្រទេសនិងប្រជាជនទាំងពីរ ហើយមកទល់ពេលនេះ ប្រទេសទាំងពីរ ក៏មានទំនាក់ទំនង កិច្ចសហប្រតិបត្តិការល្អ លើគ្រប់វិស័យ។ ចំពោះកិច្ចសហប្រតិបត្តិការយោធា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានកត់សម្គាល់ ពីកិច្ចសហប្រតិបត្តិការទ្វេភាគី ដ៏រឹងមាំ ត្រូវបានអនុវត្តជាអាទិ៍៖ ដំណើរការលំហាត់ហ្វឹកហ្វឺន សង្គ្រោះគ្រោះមហន្តរាយ និងការចូលចតនាវា, ការផ្តល់ជំនួយយោធា និងការបណ្តុះបណ្តាលធនធានមនុស្សជំនាញយោធា, ជំនាញប្រតិបត្តិការថែរក្សាសន្តិភាព និងភាសាបារាំង ជាដើម ជាពិសេសការឧបត្ថម្ភគាំទ្រដល់សាលានាយទាហានសកម្ម និងមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម។
ជាទិសដៅទៅមុខ ភាគីទាំងពីរបានបង្ហាញឆន្ទៈ និងចំណាប់អារម្មណ៍ស្វាគមន៍ទៅវិញទៅមក ក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែង ជំរុញកិច្ចសហប្រតិបត្តិការយោធា រវាងប្រទេសទាំងពីរ បានកាន់តែសកម្មបន្ថែមទៀត ជាពិសេសការគិតគូរ អំពីការចាប់ផ្តើមកសាងទំនាក់ទំនង ដោយផ្ទាល់រវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ ដែលអាចជាផ្នែកមួយដ៏សំខាន់ ក្នុងការពង្រឹងទំនាក់ទំនង រវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ៕