បរទេស៖ បើតាមទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃអង្គារ ដោយដកស្រង់ប្រភពអនាមិកថា រដ្ឋាភិបាលសហរដ្ឋអាមេរិក មានបំណងចង់ចែចូវឥណ្ឌា ក្នុងការពន្យឺតកិច្ចសហប្រតិបត្តិការ ការពារជាតិរបស់ខ្លួនជាមួយរុស្ស៊ី ដោយផ្តល់កញ្ចប់ជំនួយយោធា ដល់រដ្ឋាភិបាលទីក្រុង New Delhi ដែលអាចមានតម្លៃដល់ទៅ 500 លានដុល្លារ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រទែសរុស្ស៊ីជាប្រទេសផ្តល់អាវុធ ដ៏សំខាន់ដល់ឥណ្ឌាជាយូរមកហើយ ជាពិសេសប្រព័ន្ធសព្វាវុធ ដូចជាយន្តហោះចម្បាំង និងនាវាមុជទឹកវាយប្រហារ។ ចាប់តាំងពីយ៉ាងហោចណាស់នៅទស្សវត្សឆ្នាំ 2000 រុស្ស៊ីបានក្លាយទៅជាអ្នកលក់អាវុធ លំដាប់កំពូលទៅកាន់ទីក្រុង New Delhi លើកលែងតែកាលពីឆ្នាំមុន នៅពេលដែលប្រទេសបារាំងបាននាំមុខ។ សហរដ្ឋអាមេរិក អ៊ីស្រាអែល និងចក្រភពអង់គ្លេសក៏ស្ថិត ក្នុងចំណោមអ្នកផ្គត់ផ្គង់ធំៗផងដែរ។
ឥណ្ឌាមានគោលនយោបាយ កាត់បន្ថយការពឹងផ្អែករបស់ខ្លួន លើការផ្គត់ផ្គង់ពីបរទេស ដោយការអភិវឌ្ឍវិស័យការពារជាតិក្នុងស្រុក និងក៏បានធ្វើពិពិធកម្មការ នាំចូលអាវុធផងដែរ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែរដ្ឋាភិបាលទីក្រុងម៉ូស្គូនៅតែជា ដៃគូដ៏សំខាន់របស់ខ្លួន (ឥណ្ឌា) ដោយបំពេញតម្រូវការស្ទើរតែ ពាក់កណ្តាលក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ។
យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនសង្ឃឹមថា ជំនួយនេះ នឹងជួយទាញឥណ្ឌាឱ្យឆ្ងាយពីរុស្ស៊ី និងខិតទៅជិតសហរដ្ឋអាមេរិក ៕
ប្រែសម្រួលៈ ណៃ តុលា