ព័ត៌មានអន្តរជាតិ

រុស្ស៊ី កាត់បន្ថយបុគ្គលិកការទូត របស់ប្រទេសស្លូវេនី រហូតដល់ ៤០ភាគរយ

ម៉ូស្គូ៖ ប្រទេសរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ បានទាមទារឱ្យស្ថានទូតស្លូវេនី នៅទីក្រុងមូស្គូកាត់បន្ថយ បុគ្គលិកការទូតរបស់ខ្លួនចំនួន ៤នាក់ប្រហែល ៤០ភាគរយនៃចំនួនសរុបក្នុងរយៈពេល ១០ថ្ងៃ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង ជាការឆ្លើយតបទៅនឹងការផ្លាស់ប្តូររបស់ Ljubljana កាលពីខែមុន ដើម្បីកាត់បន្ថយទំហំនៃស្ថានទូតរុស្ស៊ី និងការចុះខ្សោយនៃ លក្ខខណ្ឌការងាររបស់ខ្លួន។

ក្រសួងបានឲ្យដឹងថា ខ្លួនក៏បានសម្រេចចិត្តកែសម្រួលលក្ខខណ្ឌ សម្រាប់ការបំពេញបេសកកម្មការទូតស្លូវេនី ដោយមិនផ្តល់ព័ត៌មានលម្អិតនោះទេ។

កាលពីថ្ងៃទី៥ ខែមេសា ក្រសួងការបរទេសស្លូវេនីបានប្រកាស ពីការសម្រេចចិត្តកាត់បន្ថយ បុគ្គលិកស្ថានទូតរុស្ស៊ីជាង ៣០នាក់ ក្នុងការតវ៉ាប្រឆាំងនឹង ប្រតិបត្តិការយោធារបស់ ទាហានរុស្ស៊ីនៅអ៊ុយក្រែន ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top