តូក្យូ៖ នាយករដ្ឋមន្ត្រី ហ្វូមីអូ គីស៊ីដា និងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន គ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃចន្ទនេះ នៅទីក្រុងតូក្យូ ជាកន្លែងដែលពួកគេត្រូវបានគេរំពឹងថា នឹងបញ្ជាក់ពីសម្ព័ន្ធភាពជប៉ុន-អាមេរិកដ៏រឹងមាំ ដើម្បីឆ្លើយតបទៅនឹងសង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន ការអះអាងកាន់តែខ្លាំងឡើងរបស់ចិន និងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។
នៅក្នុងជំនួបដោយផ្ទាល់ ជាលើកដំបូងរបស់ពួកគេ មេដឹកនាំទាំងពីរទំនងជាយល់ព្រម ដាក់សម្ពាធទីក្រុងមូស្គូ ឱ្យបញ្ឈប់ការឈ្លានពានរបស់ខ្លួន ក្នុងប្រទេសអ៊ុយក្រែន ហើយចាប់ដៃគ្នាក្នុងការសម្រេច បាននូវឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ ដែលជាចក្ខុវិស័យដែលត្រូវបានគេ មើលឃើញយ៉ាងទូលំទូលាយថា ជាការប្រឆាំងនឹងការ បង្កើន ឥទ្ធិពល របស់ចិននៅក្នុង តំបន់។
លោក គីស៊ីដា និងលោក បៃដិន ដែលកំពុងបំពេញទស្សនកិច្ច លើកដំបូងនៅប្រទេសជប៉ុន ក្នុងនាមជាប្រធានាធិបតីអាមេរិក ក៏ទំនងជាបង្ហាញការប្តេជ្ញាចិត្ត របស់ពួកគេក្នុងការធានាស្ថិរភាព នៅច្រកសមុទ្រតៃវ៉ាន់ ជាកន្លែងដែលចិនបាន និងកំពុងបង្កើនសម្ពាធយោធាលើកោះតៃវ៉ាន់។
ទីក្រុងប៉េកាំងមើលឃើញថា កោះប្រជាធិបតេយ្យជាខេត្តមួយ ដែលត្រូវបង្រួបបង្រួមជាមួយដីគោកឡើងវិញ ដោយបង្ខំប្រសិនបើចាំបាច់ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
លោក គីស៊ីដា បាននិងកំពុងបញ្ជាក់ជាមួយ សមភាគីរបស់លោកថា ពួកគេប្រឆាំងនឹងការប៉ុនប៉ងឯកតោភាគីណាមួយ ដើម្បីផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្នដោយកម្លាំង ដោយមិនគិតពីទីតាំងនោះទេ ខណៈដែលការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន បានបង្កើនការព្រួយបារម្ភថា ស្ថានភាពស្រដៀងគ្នាអាច កើតឡើងនៅអាស៊ីបូព៌ា។
មន្ត្រីរដ្ឋាភិបាលម្នាក់បានឲ្យដឹងថា ប្រទេសជប៉ុនចាត់ទុកថា “មិនថាយើងបញ្ជាក់ប៉ុន្មានដងនោះទេ យើងមិនអាចបញ្ជាក់ច្រើនពេកទេ” នេះជាការលើកឡើងរបស់មន្ត្រីរដ្ឋាភិបាល។
ជាមួយគ្នានេះដែរលោក បៃដិន ចែករំលែកទស្សនៈ ហើយក៏ព្យាយាមផ្ញើសារថា “សហរដ្ឋអាមេរិក នៅទីនេះសម្រាប់សម្ព័ន្ធមិត្ត និងដៃគូរបស់យើង” នេះបើយោងតាមមន្ត្រីរដ្ឋបាលជាន់ខ្ពស់ម្នាក់ ៕
ប្រែសម្រួល ឈូក បូរ៉ា