ព័ត៌មានជាតិ

ប្រសាសន៍សំខាន់ៗ​ របស់ លោក បណ្ឌិត ហ៊ុន ម៉ាណែត ក្នុងពិធីសំណេះសំណាល ជាមួយក្រុមការងារ និងសកម្មជន យុវជនទូទាំង ខេត្តកំពង់ចាម

ភ្នំពេញ៖ លោក បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានយុវជន គណបក្សថ្នាក់កណ្តាល និងជាអនុប្រធាន ក្រុមការងារគណបក្ស ថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម លើការងារយុវជន ក្នុងពិធីសំណេះសំណាល ជាមួយក្រុមការងារ និងសកម្មជនយុវជនទូទាំងខេត្តកំពង់ចាម នា ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។

លោកបណ្ឌិត បានលើកឡើងថា យុវជនជាកម្លាំងស្នូលរបស់គណបក្ស ប្រជាជនកម្ពុជា អស់រយៈកាលជិត ៧១ឆ្នាំ មកហើយ ទាំងក្នុងការផ្តួលរំលំ របបអាវខ្មៅ ប៉ុលពត ព្រមទាំងការនាំមកនូវសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ បានរីកចម្រើនរុងរឿង ហើយកម្លាំងស្នូលដ៏រឹងមាំនេះ ក៏នៅតែបន្តចូល រួមចំណែក យ៉ាងពេញទំហឹងប្រកបដោយថាមពលខ្លាំងក្លា ក្នុងនាមជាកម្លាំងបន្តវេន សម្រាប់អនាគត ដែលកាន់តែប្រសើរ ឡើងថែមទៀត។

លោក ម៉ាណែត បន្ថែមថា ការជ្រើសរើសគណបក្សនយោបាយ ក្នុងការដឹកនាំប្រទេស គឺប្រៀបបានទៅនឹង ដំណើរការកសាងសំណង់ អគារគេហដ្ឋាន មួយដូច្នោះដែរ ដោយចាប់ផ្តើមពីការ ជ្រើសរើសយកស្ថាបត្យករ និងវិស្វករដែលមានជំនាញត្រឹមត្រូវ ប្រកបដោយបទ ពិសោធន៍ច្បាស់លាស់ ដើម្បីធ្វើការគិតគូរឱ្យគ្រប់ជ្រុងជ្រោយ ដើម្បីធានាបានទាំងសោភ័ណភាព សុវត្ថិភាព និងផាសុកភាព ។ បន្ទាប់មក ទើបត្រូវការអ្នកសាងសង់ ដែលកេរ្តិ៍ឈ្មោះ ប្រកបដោយទំនុកចិត្តខ្ពស់ ដើម្បីធានាបានភាពនូវភាពរឹងមាំយូរអង្វែងរបស់របស់អគារ ។ ក្នុងន័យនេះ សម្តេចតេជោ ប្រធានគណបក្ស និងថ្នាក់ដឹកនាំគណបក្ស គ្រប់ជាន់ថ្នាក់ ក៏ដូចជាបេក្ខជន ក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សប្រជាជនកម្ពុជា នៅទូទាំងប្រទេស គឺសុទ្ធតែជាអ្នកមានបទ ពិសោធន៍ជាក់ស្តែង យ៉ាងលើសលប់ក្នុងការរចនាតាក់តែង និងអនុវត្តនូវគោលនយោបាយនានា សម្រាប់ការដឹកនាំ និងគ្រប់គ្រងប្រទេសទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយធ្លាប់សម្រេចបាននូវស្នាដៃ និងសមិទ្ធផលលេចធ្លោ ជាច្រើនកន្លងមកហើយ ។ ការបន្តនូវស្មារតី និងសកម្មភាពដ៏ឧត្តុង្គឧត្តមនេះ ក៏នៅតែជាការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្ស ប្រជាជនកម្ពុជាគ្រប់ៗរូប។

លោកបណ្ឌិត ក៏ បានថ្លែង អរគុណដល់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម ក្រុមការងារ ចុះជួយមូលដ្ឋានគ្រប់ថ្នាក់ ក្រុមការងារយុវជន គណបក្សខេត្ត និងអង្គការចាត់បក្ស ជារចនាសម្ព័ន្ធ ចំណុះទាំងអស់ ដែលបាន ខិតខំប្រឹងប្រែង បំពេញភារកិច្ច ប្រកបដោយសាមគ្គីភាព ក្នុងនាមជាកម្លាំង សរុប ដើម្បីបម្រើការពារ ប្រជាប្រពលរដ្ឋ ក្នុងមូលដ្ឋាន បានជាប់ជាប្រចាំ និងក្នុងគ្រប់កាលៈទេសៈ ជាពិសេសក្នុងដំណាក់ នៃការប្រយុទ្ធជំងឺរាតត្បាត សាកលកូវីដ-១៩ ក្នុងរយៈពេលជាង ០២ ឆ្នាំកន្លងទៅនេះ ៕

To Top