ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ប្រធានស្ដីទី គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានបន្ដអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ធ្វើយ៉ាងណាឲ្យដំណើរការបោះឆ្នោតឃុំ-សង្កាត់ គ្មានអំពើហិង្សា និងគំរាមកំហែង ដើម្បីលើកស្ទួយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនសាសនិកឥស្លាមចំនួន៦០០នាក់ មកពីបណ្ដាស្រុក ក្រុង ក្នុងខេត្តបាត់ដំបង នាថ្ងៃទី២៣ ឧសភា សម្ដេច ស ខេង បានថ្លែងថា ពាក់ព័ន្ធទៅនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិសេរីភាព ដើម្បីជ្រើសរើសអ្នកដឹកនាំផ្ទាល់ដោយខ្លួនគាត់។
សម្ដេច បញ្ជាក់ថា «ដូចយើងដឹងទាំងអស់គ្នាហើយថាក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវបានចង្អុលតែងតាំងដោយប្រជាពលរដ្ឋបោះឆ្នោត មិនមែនដោយស្រុក ក្រុង ឬខណ្ឌតែងតាំងនោះទេ ដូច្នេះហើយ នេះជាការលើកស្ទួយសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។ យើងក៏អាចធ្វើទៅបានដែរនូវការតែងតាំងដោយផ្ទាល់ពីថ្នាក់ដឹកនាំ ប៉ុន្តែឆ្លងកាត់បទពិសោធន៍ពីអតីតកាល យើងត្រូវតម្រូវឲ្យមានការបោះឆ្នោត ដើម្បីឲ្យពលរដ្ឋគាត់ជ្រើសរើសអ្នកដឹកនាំនៅមូលដ្ឋានដោយខ្លួនគាត់»។
សម្ដេចបញ្ជាក់ទៀតថា «អាជ្ញាធរមូលដ្ឋានទាំងអស់ ខិតខំរួមចំណែកឲ្យការបោះឆ្នោតនេះ បានប្រព្រឹត្តិទៅក្នុងបរិយាកាសសុខសន្តិភាព គ្មានអំពើហិង្សានិងការគំរាមកំហែង ដើម្បីពង្រឹង និងលើកស្ទួយ ដំណើរការលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា»។
លើសពីនេះ សម្ដេច ណែនាំដល់អាជ្ញាធរដែនដីទាំងអស់ ត្រូវខិតខំធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ មិនប្រើអំណាចដោយរំលោភ ត្រូវចាត់ទុកប្រជាពលរដ្ឋ ជាអ្នកត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតជាបន្តទៀត ដ្បិតគណបក្សប្រជាជនកម្ពុជា បានប្រកាន់ឧត្តមគតិស្នេហាជាតិពិតប្រាកដ នៅជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ តស៊ូតាំងពីប្រទេសធ្លាក់ក្នុងចំណុចសូន្យ ស្ថិតក្នុងការហុំព័ទ្ធសេដ្ឋកិច្ច និងនយោបាយ រហូតបង្កើតបានសុខសន្តិភាព និងការអភិវឌ្ឍ ឈរស្មើមុខ ស្មើមាត់នៅលើឆាកអន្តរជាតិ។
ឆ្លៀតឱកាសនោះដែរ សម្ដេច ស ខេង ក៏បានចាត់ទុកថា ជោគជ័យ និងស្នាដៃដែលកម្ពុជាសម្រេចបានមកនេះ គឺមិនអាចកាត់ផ្ដាច់បានពីការចួលរួមចំណែករបស់សាសនិកឥស្លាមកម្ពុជានោះឡើយ។ សម្ដេច សង្ឃឹមថា សាសនិកឥស្លាមកម្ពុជា នឹងបន្តរួមកម្លាំងសាមគ្គីគ្នា ដើម្បីចូលរួមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ឲ្យទទួលបានជោគជ័យ៕