ព័ត៌មានជាតិ

លោក ប៉ាន សូរស័ក្ដិ៖ ការលុបបំបាត់ និងកាត់បន្ថយរបាំងពាណិជ្ជកម្ម ជាមធ្យោបាយដ៏សំខាន់ ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញឲ្យឆាប់រហ័ស

ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ប្រាប់វេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសស្វីសថា ការលុបបំបាត់ និងកាត់បន្ថយរបាំងពាណិជ្ជកម្ម តាមរយៈយន្ដការនៃកិច្ចសម្រួលពាណិជ្ជកម្មក្នុងប្រទេស តំបន់ និងពិភពលោក ជាមធ្យោបាយដ៏សំខាន់ ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញឲ្យបានឆាប់រហ័ស ។

ក្នុងឱកាសចូលរួមកិច្ចពិភាក្សាក្រោមប្រធានបទ “ការដោះស្រាយបញ្ហារបាំងពាណិជ្ជកម្ម ដើម្បីការងើបឡើងវិញ” ដែលត្រូវបានរៀបចំឡើង ក្នុងកិច្ចប្រជុំប្រចាំឆ្នាំ២០២២ របស់វេទិកាសេដ្ឋកិច្ចពិភពលោក នៅដាវ៉ូស-ក្លូស្ទ័រ ប្រទេសស្វីស កាលពីថ្ងៃ២៣ ឧសភា លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្ដិ បានបញ្ជាក់អំពីសារៈសំខាន់ និងភាពចាំបាច់នៃការលុបបំបាត់ និងកាត់បន្ថយរបាំងពាណិជ្ជកម្ម តាមរយៈយន្ដការនៃកិច្ចសម្រួលពាណិជ្ជកម្មក្នុងប្រទេស តំបន់ និងពិភពលោក ដែលជាមធ្យោបាយដ៏សំខាន់ ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញឲ្យបានឆាប់រហ័ស។

លោកសង្កត់ធ្ងន់លើភាពចាំបាច់ នៃការបើកចំហរទីផ្សារសម្រាប់ពាណិជ្ជកម្ម និងផែនការសកម្មភាពដែលផ្ដោតលើការធ្វើឲ្យប្រសើរឡើងនូវការតភ្ជាប់សេដ្ឋកិច្ច និងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក ដែលទាំងនេះគឺជាផ្នែកនៃអាទិភាពអាស៊ាន ក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ២០២២ ស្របតាមមូលបទ “អាស៊ានរួមគ្នាធ្វើដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា” ។

លោករដ្ឋមន្ដ្រី ក៏បានលើកឡើងអំពីសកម្មភាពរបស់កម្ពុជា ក្នុងការសម្រួលពាណិជ្ជកម្ម ដូចជា ក្របខណ្ឌយុទ្ធសាស្ដ្រ និងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីថ្មីសម្រាប់ឆ្នាំ២០២១-២០២២, វេទិកាវេទិការដ្ឋាភិបាល និងវិស័យឯកជន, ប្រព័ន្ធ ASYCUDA, ប្រព័ន្ធបញ្ជរតែមួយជាតិ (National Single Window) និងកំណែទម្រង់មួយចំនួន ដែលជួយពន្លឿនដល់ការបញ្ចេញទំនិញតាមព្រំដែនសម្រាប់ទំនិញទូទៅ ក៏ដូចជាទំនិញនិងសម្ភារៈពេទ្យសំខាន់ៗ ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩។

លោករដ្ឋមន្ត្រី ក៏បានស្នើឲ្យមានការចាប់អារម្មណ៍ លើបញ្ហាសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ពាក់ព័ន្ធនឹងអនុលោមភាពនៃឯកសារតម្រូវសម្រាប់ការនាំចេញ ដូចជា “proof of non-manipulation” ឬ វិញ្ញាបនបត្របញ្ជាប់ប្រភពដើមដែលឯកសារតម្រូវទាំងនេះ ធ្វើឲ្យការចំណាយកើនឡើងសម្រាប់អ្នកនាំចេញទំនិញ ដូច្នេះឯកសារតម្រូវទាំងនេះគួរត្រូវបានលុបចោល និងជំនួសវិញដោយការបញ្ជាក់ប្រភពដើមដោយខ្លួនឯង (self-certification) ៕

To Top