ព័ត៌មានអន្តរជាតិ

សមាជិកសភាជាន់ខ្ពស់រុស្ស៊ីថា តំបន់ជាច្រើននៅអ៊ុយក្រែន អាចបោះឆ្នោតចូលរួម ជាមួយរុស្ស៊ី នៅខែកក្កដាខាងមុខ

បរទេស៖ សមាជិកសភាជាន់ខ្ពស់រុស្ស៊ីមួយរូប បាននិយាយកាលពីថ្ងៃពុធថា តំបន់ដែលគ្រប់គ្រងដោយទីក្រុងម៉ូស្គូ នៃភាគខាងត្បូងអ៊ុយក្រែន អាចធ្វើប្រជាមតិដើម្បីក្លាយជាផ្នែកមួយ នៃប្រទេសរុស្ស៊ី នៅដើមខែកក្កដា។

យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រទេស អ៊ុយក្រែន បានចោទក្រុងមូស្គូ ពីការរៀបចំផែនការ ធ្វើប្រជាមតិ បន្លំឯករាជ្យ នៅតំបន់ភាគខាងត្បូង នៃតំបន់ Kherson និង Zaporizhzhia។

លោក Leonid Slutsky ប្រធានគណៈកម្មាធិការកិច្ចការបរទេស របស់សភា និងជាសមាជិកជាន់ខ្ពស់ នៃក្រុមអ្នកចរចារបស់ទីក្រុងមូស្គូ ជាមួយអ៊ុយក្រែនបាននិយាយថា “ខ្ញុំមិនច្រានចោលថាវាអាចកើតឡើង នៅដើមខែកក្កដានោះទេ”។

លោក Slutsky បាននិយាយនៅក្នុងសេចក្តីអត្ថាធិប្បាយ ដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មាន រុស្ស៊ីថា “ខ្ញុំនឹងមិនទស្សន៍ទាយថា តើវានឹងប្រព្រឹត្តទៅ នៅទីណានោះទេ ប៉ុន្តែខ្ញុំសន្មត់ថា ទឹកដី ដែលត្រូវបានរំដោះ នឹងធ្វើប្រជាមតិច្រើនឬតិច ក្នុងពេលដំណាលគ្នា” ។

លោកបានហៅចំណាត់ការ ដើម្បីរៀបចំការបោះឆ្នោត នៅអ៊ុយក្រែនថា ជារឿងសមហេតុសមផល។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជូនទាហានទៅអ៊ុយក្រែន កាលពីថ្ងៃទី២៤ខែកុម្ភៈ ប៉ុន្តែក្រុងម៉ូស្គូបានសង្កត់ធ្ងន់ ម្តងហើយម្តងទៀត ថា ខ្លួនមិនស្វែងរកការកាន់កាប់ ទឹកដីអ៊ុយក្រែនទេ៕

ប្រែសម្រួលៈ ណៃ តុលា

To Top