ព័ត៌មានអន្តរជាតិ

ក្រុមអ្នកការទូតអាមេរិក ជប៉ុន កូរ៉េខាងត្បូង ជួបប្រជុំគ្នាចំពេលមានការភ័យខ្លាចការសាកល្បង នុយក្លេអ៊ែរ របស់កូរ៉េខាងជើង

តូក្យូ៖ អ្នកការទូតជាន់ខ្ពស់មកពីកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក បានជួបប្រជុំគ្នានៅថ្ងៃសុក្រនេះ ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការត្រីភាគី បន្ទាប់ពីការបាញ់មីស៊ីលផ្លោងម្តងហើយម្តងទៀតរបស់ទីក្រុងព្យុងយ៉ាង និងចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងលើការសាកល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

លោក Kim Gunn តំណាងពិសេសកូរ៉េខាងត្បូងសម្រាប់កិច្ចការសន្តិភាព និងសន្តិសុខឧបទ្វីបកូរ៉េ បានជួបពិភាក្សាត្រីភាគីដោយផ្ទាល់ជាលើកដំបូងជាមួយសមភាគីជប៉ុន និងសហរដ្ឋអាមេរិក ចាប់តាំងពីលោក Yoon Suk Yeol ឡើងកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូងកាលពីខែមុន។

កិច្ចប្រជុំនេះមានការចូលរួមពីលោក Sung Kim តំណាងពិសេសរបស់សហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការកូរ៉េខាងជើង និងលោក Takehiro Funakoshi អគ្គនាយកនៃការិយាល័យកិច្ចការអាស៊ី និងមហាសមុទ្ររបស់ក្រសួងការបរទេសជប៉ុន។

ប្រទេសកូរ៉េខាងជើង បានធ្វើការសាកល្បងកាំជ្រួចមីស៊ីលផ្លោងចំនួន ១៥ ជុំចាប់តាំងពីដើមឆ្នាំមក ដែលចុងក្រោយបំផុតបានធ្វើឡើងនៅថ្ងៃទី២៥ ខែឧសភា មួយថ្ងៃបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកទៅកាន់កូរ៉េខាងត្បូង និងប្រទេសជប៉ុន។

កូរ៉េ ខាង ត្បូង ជប៉ុន និង អាមេរិក នៅ តែ ប្រុង ប្រយ័ត្ន ចំពោះ ការ បង្កហេតុ បន្ថែម ទៀត។ ក្តីបារម្ភកំពុងកើនឡើងដែលកូរ៉េខាងជើងកំពុងរៀបចំធ្វើតេស្តនុយក្លេអ៊ែរជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៧ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

កិច្ចប្រជុំកាលពីថ្ងៃសុក្រក៏បានកើតមានឡើងនៅពេលដែលប្រទេសជប៉ុន និងកូរ៉េខាងត្បូងកំពុងធ្វើការដើម្បីកែលម្អទំនាក់ទំនងទ្វេភាគី ដែលបានធ្លាក់ចុះដល់កម្រិតទាបបំផុតរបស់ពួកគេក្នុងរយៈពេលជាច្រើនទសវត្សរ៍ក្រោមការដឹកនាំរបស់លោក Yoon ដែលជាអ្នកស្នងតំណែងបន្ដពីលោក មូន ជេអ៊ីន៕
ប្រែសម្រួល ឈូក បូរ៉ា

To Top