យេរ៉ូសាឡឹម ៖ អ៊ីស្រាអែល បានឲ្យដឹងថា អណ្តូងឧស្ម័ន Karish នៅសមុទ្រមេឌីទែរ៉ាណេ ដែលជាកន្លែង ដែលការខួងយករ៉ែ ត្រូវបានគ្រោងទុក “នៅក្នុងដែនទឹក របស់អ៊ីស្រាអែល ” ដោយបដិសេធការអះអាង របស់ប្រទេសលីបង់ ដែលថា យ៉ាងហោចណាស់ ផ្នែកខ្លះ នៃវាលនេះស្ថិតក្នុង តំបន់មានជម្លោះ ។
មួយថ្ងៃមុននេះ ប្រធានាធិបតីលីបង់ លោក Michel Aoun បានព្រមាននៅក្នុងសេចក្តីថ្លែង ការណ៍មួយថា សកម្មភាពខួងយករ៉ែណាមួយរបស់អ៊ីស្រាអែល នៅក្នុងតំបន់ជម្លោះដែនទឹកជាមួយប្រទេសលីបង់ “បង្កើតជាការញុះញង់ និងជាទង្វើអរិភាព” ដែលសំដៅទៅលើ បញ្ហាតំបន់ Karish ។
លោកស្រី Shaked Eliyahu អ្នកនាំពាក្យរបស់រដ្ឋមន្ត្រីថាមពលអ៊ីស្រាអែលលោក Karine Elharrar បានប្រាប់ Xinhua ថា “វាល Karish ស្ថិតនៅក្នុងដែនទឹករបស់អ៊ីស្រាអែល ទោះបីជាយោងទៅតាមផែនទី ដែលលីបង់ដាក់ជូនអង្គការ សហប្រជាជាតិក្នុងឆ្នាំ២០១១”។
លោកស្រី បានបន្តថា “វាលនេះស្ថិត នៅភាគខាងត្បូង នៃខ្សែព្រំដែន ពីរទាំងអ៊ីស្រាអែល និងលីបង់ ដែលបានដាក់ ទៅអង្គការសហប្រជាជាតិ ក្នុងឆ្នាំ ២០១១ ។
រដ្ឋាភិបាលអ៊ីស្រាអែល បានចេញអាជ្ញាប័ណ្ណខួងយករ៉ែសម្រាប់វាល Karish នៅដើមឆ្នាំ២០០៨ នេះបើយោងតាមអ្នកនាំពាក្យអ៊ីស្រាអែល។
នៅព្រឹកថ្ងៃដដែល ក្រសួងថាមពលអ៊ីស្រាអែល បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយផងដែរថា កន្លែងខួងយកឧស្ម័នធម្មជាតិ បានទៅដល់គោលដៅ របស់ខ្លួន នៅក្នុងតំបន់ឧស្ម័ន Karish រួចទៅហើយ ៕
ប្រែសម្រួល ឈូក បូរ៉ា