នយោបាយ

បទវិភាគ ៖ ហេតុអ្វីបានជាចិន នៅតែបន្តជាទីផ្សារ នាំចេញធំបំផុត សម្រាប់អង្ករកម្ពុជា រហូតមកដល់ឆ្នាំ២០២២?

យោងតាមតួលេខ របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា រយៈពេល៥ខែដើម ឆ្នាំ២០២២នេះ ការនាំចេញអង្ករកម្ពុជា ទៅកាន់ប្រទេសចិន មានចំនួនប្រមាណ ១៤.៩៤ម៉ឺនតោន កើនឡើង២៣.៦% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១ ស្មើនឹង៥២.៦៨% នៃទំហំនាំចេញសរុប ហើយទឹកប្រាក់ នៃការនាំចេញខាងលើ នេះមានចំនួន រហូតដល់ ៧៩.២៣លានដុល្លារអាមេរិក ។

អ្វីដែលជាការកត់សម្គាល់នោះ ប្រទេសចិន នៅតែបន្តជាទីផ្សារនាំចេញធំបំផុត សម្រាប់អង្ករកម្ពុជា រហូតដល់ឆ្នាំ២០២២នេះ។ ថាតើមានមូលហេតុអ្វីខ្លះ ដែលចិននៅតែបន្តក្តោបក្តាប់ចំណែកទីផ្សារធំជាងគេ សម្រាប់អង្ករកម្ពុជា?

លោក លន់ យ៉េង អគ្គលេខាធិការ សហព័ន្ធស្រូវអង្ករកម្ពុជា បានប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិនថា ចិនបានជួយទិញអង្ករកម្ពុជា ច្រើនជាងគេ តាំងពីឆ្នាំ២០១៩ រហូតមកដល់ ឆ្នាំ២០២២នេះ ។ លោកថា បរិមាណអង្ករកម្ពុជា នាំចេញ ទៅប្រទេសចិន បានកំណើន ជាបន្តបន្ទាប់ ស្របតាមអនុស្សរណៈ នៃ ការយោគយល់គ្នា ( MOU ) រវាងភាគីទាំងពីរ ។ កាលពីឆ្នាំ២០២១ អង្ករកម្ពុជា ជាង៣០ ម៉ឺនតោន ត្រូវបាននាំចេញ ទៅប្រទេសចិន ឬ ប្រមាណជាង ៥០ភាគរយ នៃការនាំចេញអង្ករសរុប ។ នៅឆ្នាំ២០២២នេះ លោកគិតថា នឹងសម្រេច កំណើន ដល់៤០ ម៉ឺនតោន យោងតាមអនុស្សរណៈ នៃការយោគយល់គ្នា ជាលើកទី៦ ហើយក៏ស្របពេល ដែលកំណើន នៃការនាំចេញមានកំណើន គួរឲ្យកត់សម្គាល់ ។

លោក លន់ យ៉េង បានបញ្ជាក់ដែរថា មូលហេតុសំខាន់ ដែលចិន នៅតែបន្តក្តោបក្តាប់ចំណែកធំ នៃទីផ្សារអង្ករកម្ពុជា គឺដោយសារតែឆន្ទៈខ្ពស់ របស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ ជាពិសេស ថ្នាក់ដឹកនាំកម្ពុជា សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងប្រធានរដ្ឋចិន ស៊ី ជីនភីង ក្នុងនោះ សូម្បីតែជំនួបក្នុងឆ្នាំ២០២២ ថ្មីៗនេះ ភាគីទាំងពីរបានជំរុញបន្ថែមទៀត លើការនាំចេញអង្ករកម្ពុជាទៅចិន។ ក្នុងន័យនេះ លោក លន់ យ៉េង ហ៊ានអះអាងថា បន្ទាប់ពី MOU ក្នុងបរិមាណចំនួន ៤០ម៉ឺនតោន គឺនឹងបន្តកំណត់ឲ្យកើនដល់ ៥០ម៉ឺនតោន ឬ ជាង៥០ម៉ឺនតោន ក្នុងការនាំចេញអង្ករកម្ពុជា ទៅចិន។
«ចិន ដូចជាការជួយកម្ពុជា គឺ ចាប់ផ្តើមពីឆ្នាំ២០១៩មក សំខាន់ព្រោះពេលហ្នុង តម្រូវឲ្យអង្ករកម្ពុជា នាំចូលអឺរ៉ុប ត្រូវបង់ពន្ធ អញ្ចឹងធ្វើឲ្យចំណែក ទីផ្សារអឺរ៉ុប ហ្នឹង ធ្លាក់ចុះខ្លាំង ប៉ុន្តែស្របពេលហ្នុង គឺឆ្នាំ២០១៩ កំណើនរបស់ចិន គឺក្តោបឡើងដល់ជិត ៤០ភាគរយ នៅឆ្នាំ២០២០ ឡើងដល់ ៥០ភាគរយ…. ឆ្នាំ២០២១ គឺ៥០ភាគរយ រហូតដល់ឆ្នាំ២០២១ នៅតែរក្សាលំនឹង ជាង៥០ភាគរយ… ខាងភាគីចិនបានជួយទិញមានកំណើន យកជំនួសទីផ្សារ ដែលបាត់បង់ បរិមាណដែលបាត់បង់ ហើយផ្តល់ឆន្ទៈ ដើម្បីជួយទិញ។ គាត់ (ចិន) ស៊ីញ៉េ ៤០ម៉ឺនតោន នៅខែ១១ ឆ្នាំ២០២១ បើសិនមានតម្រូវការខ្ពស់ អាចលក់អស់ ក្នុងទីផ្សារស្រុកចិន អស់ត្រឹមខែ៥ ជាឧទាហរណ៍ អញ្ចឹង ត្រូវធ្វើ MOU ថ្មីមួយទៀត មានបរិមាណ អាចច្រើនជាងហ្នឹងទៀត»
លោក លន់ យ៉េង ក៏បានរម្លឹកពីដំណើរទស្សនកិច្ច របស់សម្តេចតេជោ សែន ទៅទីក្រុងប៉េកាំង ពេលផ្ទុះកូវីដ១៩ខ្លាំង គឺជាការផ្សព្វផ្សាយ ទីផ្សារអង្ករកម្ពុជាកាន់តែខ្លាំង សម្រាប់ប្រជាជនចិន ដោយសារតែទស្សនកិច្ច មួយដ៏កម្រ និង ពិសេស ជាទស្សនកិច្ចធ្វើឡើង ស្របពេលដែលចិន រងគ្រោះធ្ងន់ធ្ងរពីការរាត្បាតជំងឺកូវីដ ជាការផ្តល់កម្លាំងចិត្តដ៏ធំធេង សម្រាប់ប្រទេស និងប្រជាជនចិន ។

ដោយសារតែឆន្ទៈរបស់ថ្នាក់ដឹកនាំ ប្រទេសទាំងពីរនេះហើយ បានជាក្រសួងពាក់ព័ន្ធនៅកម្ពុជា និង ភាគីចិន ជាពិសេស ក្រុមហ៊ុនរដ្ឋចិនមួយឈ្មោះថា COFCO បានខិតខំជំរុញការ នាំចេញអង្ករកម្ពុជាទៅចិន កាន់តែច្រើនឡើង។ ក្រុមហ៊ុនថែមទាំងបានបង្កើត ម៉ាកពិសេសមួយ សម្រាប់អង្ករកម្ពុជា លក់នៅប្រទេសចិនទៀតផង ដោយគេដឹងថា ប្រជាជនចិនចូលចិត្ត ទទួលទានអង្ករ ក្រអូបររបស់កម្ពុជា ព្រោះពួកគាត់ស្គាល់ ពីភូមិសាស្ត្រដាំដុះអង្ករ របស់កម្ពុជាច្បាស់ គឺដាំនៅជុំវិញបឹងទន្លេសាប ជាដីមានជីវជាតិ ។
«ក្រុមហ៊ុន រដ្ឋចិនមួយ ដែលជាក្រុមស្បៀងអាហារ និងចំណីអាហាររបស់ចិន ឈ្មោះថា COFCO គឺជាអ្នកទទួលបន្ទុក អនុវត្តនៅលើ បរិមាណ ៤០ម៉ឺន…ប៉ុន្តែក្នុងន័យនេះ កម្ពុជា មានអ្នកទិញដែលមានសិទ្ធិនាំចូល ទៅក្នុងស្រុកចិន អាចទិញលក់ ឲ្យផ្សេងទៀត លើស ដែលអត់មានក្នុង MOU ហ្នឹងទៀត មានន័យថា គាត់បើកទួលាយដល់ប៉ុណ្ណឹង… យើងជាដៃគូល្អ គាត់បានបង្កើតម៉ាកពិសេសមួយ នៅស្រុកចិន សម្រាប់លក់តែអង្ករកម្ពុជា ព្រោះថា នៅក្នុងប្រទេសចិន មានម៉ាកអង្ករច្រើន ដូចនៅស្រុកយើងអញ្ចឹង តែគាត់ធ្វើម៉ាកពិសេសមួយ ឈ្មោះថា King Food ជាអង្ករកម្ពុជាតែម្តង ជួយជំរុញ ។

លោក លន់ យ៉េង បានបញ្ជាក់បន្ថែមទៀតថា ចំពោះការជួយជ្រោមជ្រែង ពីភាគីចិននេះចិនមិនត្រឹមតែជួយ ទិញអង្ករកម្ពុជាកាន់តែច្រើនប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំង បានជួយកសាង ហេដ្ឋារចនាសម្ព័ន្ធកសិកម្ម ដល់កម្ពុជាទៀតផង ក្នុងនោះ មានដូចជា ការកសាង ប្រព័ន្ធធារាសាស្ត្រ ដែលធ្វើឲ្យការដាំដុះលែង ពឹងលើកមេឃច្រើនទៀតទេ គឺ ពឹងលើប្រព័ន្ធធារាសាស្ត្រ ដែលមានបច្ចេកទេសទំនើបៗ ក្នុងការបញ្ជូនទឹកពីទំនប់ធំៗ។

«ក៏អរគុណដល់ប្រទេសចិន ទាំងថ្នាក់ដឹកនាំ ទាំងប្រជាជនចិន ដែលជួយកម្ពុជា ជាពិសេស ជួយទាំងផ្នែកការកសាងហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្ត្រធំៗ មួយចំនួនធ្វើឲ្យការដាំដុះស្រូវ របស់យើង ច្រើនលែងពឹងលើមេឃច្រើន ពឹងលើបច្ចេកទេស ប្រព័ន្ធធារាស្ត្រដឹកទឹកពីប្រឡាយ ពីទំនប់ធំៗតែម្តង» ។

ក្នុងនាមមិត្តភាពដែកថែប កម្ពុជា-ចិន បើនិយាយពីផលិតកសិកម្មនាំចេញទៅចិន គឺមិនមែនតែអង្ករទេ គឺមានសរុបប្រមាណ ៣០មុខឯណោះ។ កាលពីឆ្នាំ២០២១ បើទោះបីជាការនាំចេញកសិផល ទៅក្រៅប្រទេសរបស់កម្ពុជា ធ្លាក់ចុះ ព្រោះបញ្ហាជំងឺរាតត្បាត ជាសកលកូវីដ១៩ ប៉ុន្តែនាំចេញ ទៅចិន នៅតែមានកំណើនវិញ ក្នុងនោះ មានជាង៨៣ម៉ឺនតោន។ មិនត្រឹមតែប៉ុណ្ណោះ សូម្បីការពិនិត្យភូតគាម អនាម័យ លើផលិតផលកសិកម្ម របស់កម្ពុជា ក៏ភាគីចិនសម្រេចធ្វើ តាមអនឡាញដែរ ពោលគឺ ពុំមានលក្ខខណ្ឌស្មុគស្មាញ ខ្លាំងពេកទេ៕ អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន

To Top