ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងថា សម្ដេចក៏ស្ថិតនៅជាសាស្ដ្រាចារ្យ កិត្តិយស ប្រចាំសាលាភូមិន្ទរដ្ឋបាល ចាប់តាំងពីឆ្នាំ១៩៩៧ ប៉ុន្ដែសាស្ដ្រាចារ្យកិត្តិយសចូលបង្រៀននៅពេលបើកវគ្គបណ្ដុះបណ្ដាល និងបិទវគ្គបណ្ដុះបណ្ដាល។
ក្នុងពិធីបិទ និងប្រគល់សញ្ញាបត្រក្នុងវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២០-២០២១ និងបើកវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២២ របស់សាលាភូមិន្ទរដ្ឋបាលជាង២ពាន់នាក់ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ សម្ដេចតេជោ បានមានប្រសាសន៍ថា សាលាភូមិន្ទរដ្ឋបាល បានអញ្ជើញសាស្ដ្រាចារ្យ ដូចជា៖ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី រដ្ឋលេខាធិកា ឬអ្នកជំនាញមកពីស្ថាប័ននានា មកធ្វើបទឧទ្ទេសនាមសិក្ខាកាមនៅសាលាភូមិន្ទរដ្ឋបាល។
ក្នុងនោះសម្ដេចតេជោបញ្ជាក់ថា «ខ្ញុំ ក៏ស្ថិតនៅជាសាស្ដ្រាចារ្យកិត្តិយស នៅសាលានេះ (សាលាភូមិន្ទរដ្ឋបាល) តាំងពីឆ្នាំ១៩៩៧ ប៉ុន្ដែសាស្ដ្រាចារ្យកិត្តិយសនេះ ទទួលបានប្រាក់កម្រៃតែម្ដងគត់តាំងពេលនោះ ហើយប៉ុន្ដែជាធម្មតាគឺសាស្ដ្រាចារ្យកិត្តិយសនេះ មកផ្ដាំផ្ញើចុងក្រោយ បង្រៀនចុងក្រោយនៅមុនពេលមន្ដ្រីរបស់យើងចាក់ចេញពីសាលា»។
សម្ដេចតេជោបន្ដថា ប៉ុន្ដែជាទូទៅមន្ដ្រីរៀននៅសាលាភូមិន្ទរដ្ឋបាល បានទទួលការផ្ដាំផ្ញើពីសម្ដេច ចំនួន២ លើក ដូចជា៖ លើកទី១ ពេលបើកវគ្គបណ្ដុះបណ្ដាល និងលើកទី២ ពេលបិទវគ្គបណ្ដុះបណ្ដាល។ សម្ដេចថា សាស្ដ្រាចារ្យកិត្តិយសនេះ មិនបានបង្រៀនក៏ដោយចុះ ប៉ុន្ដែផ្ដាំផ្ញើក៏មានតម្លៃគួរសមណាស់ដែរ ដើម្បីចែករំលែកបទពិសោធន៍ ៕