នយោបាយ

បទវិភាគ ៖ ប្រទេសចិន មានសមត្ថភាព និងមានលក្ខខណ្ឌ រក្សាសេដ្ឋកិច្ច ឱ្យទទួលបានការ អភិវឌ្ឍប្រកប ដោយស្ថិរភាពនិងរឹងមាំ

នាពេលថ្មីៗកន្លងទៅនេះ អគ្គរដ្ឋបាលគយ នៃប្រទេសចិន បានចេញផ្សាយទិន្នន័យ ស្ថិតិថ្មីបំផុត អំពីពាណិជ្ជកម្ម ជាមួយបរទេសរបស់ចិន ដោយបានបង្ហាញថា បើគិតតាមដុល្លារ អាមេរិក នៅខែឧសភា ទំហំពាណិជ្ជកម្មសរុបខាងការ នាំចេញនិងនាំចូល នៃប្រទេសចិន បានឡើងដល់ ៥៣៧៧៤ លានដុល្លារអាមេរិក ដែលបានកើនឡើង ១១,១ ភាគរយ ។ ក្នុងនោះ ការនាំចេញបានកើនឡើង ១៦,៩ ភាគរយ ។ លើសពីនេះ ទៅទៀត ទំហំពាណិជ្ជកម្មនាំចូល បានកើនឡើង ៤ ភាគរយ ។ ក្រោមបរិបទដែលជំងឺកូវីដ ១៩ កំពុងរាតត្បាតយ៉ាងធ្ងន់ធ្ងរ នៅទូទាំងពិភពលោក ក្នុងរយៈពេល ៥ ខែដំបូងឆ្នាំនេះ ទំហំពាណិជ្ជកម្មសរុប ជាមួយបរទេស នៃប្រទេសចិន សម្រេចបាននូវកំណើន យ៉ាង នឹងនរ គឺបានមកដោយមិនងាយទេ ដែលបានបង្ហាញ ទៅកាន់ពិភពលោក ឱ្យឃើញម្តងទៀត នូវភាពធន់និងសមត្ថភាព ងើបឡើងវិញ របស់ប្រទេសចិនយ៉ាងខ្លាំងក្លា ។

ជាពិសេស នៅខែឧសភា ឆ្នាំនេះ ទន្ទឹមនឹងវិធានការ បង្ការ និងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ ១៩ នៅទីក្រុងសៀងហៃ ជាដើមត្រូវបានអនុវត្ត ប្រកបដោយប្រសិទ្ធភាព ស្ថានការណ៍ជាទូទៅបានវិវឌ្ឍ ទៅរកភាពប្រសើរ ជាបន្តបន្ទាប់ ទំហំពាណិជ្ជកម្មនាំចេញ របស់តំបន់ដីសណ្តរទន្លេយ៉ាងសេ បានស្តារឡើងវិញ យ៉ាងលេចធ្លោ ។ នៅខែឧសភា ការនាំចូលនិងការនាំចេញ របស់តំបន់ដីសណ្តទន្លេយ៉ាងសេ បានកើនឡើងជិត ២០ ភាគរយបើប្រៀបធៀប នឹងខែមេសា ឆ្នាំ ២០២២ ។ គិតរហូតដល់ថ្ងៃទី ២ ខែមិថុនា សន្ទស្សន៍ការដឹកជញ្ជូន ទំនិញនាំចេញ តាមរយៈកុងតឺន័រ ក្នុងទីក្រុងសៀងហៃ បានកើនឡើង ៣ សប្តាហ៍ជាប់ៗគ្នា ។

បើមើលពីក្របខ័ណ្ឌទូទាំងប្រទេសចិន ផលប៉ះពាល់ ដែលបណ្តាលមកពីការរីករាលដាល នៃជំងឺកូវីដ ១៩ នៅក្នុងតំបន់មួយចំនួន ចំពោះពាណិជ្ជកម្ម នាំចេញ នាំចូលជាមួយបរទេស គឺមានរយៈពេលខ្លី ។ អ្នកវិភាគរបស់ក្រុមហ៊ុន UBS សម្គាល់ឃើញថា ចាប់ពីចុង ខែមេសា ឆ្នាំនេះ តទៅ ផលប៉ះពាល់ ដែលបណ្តាលមកពីការរីករាលដាល នៃជំងឺកូវីដ ១៩ ចំពោះវិស័យចរាចរណ៍ទំនិញ ផលិតកម្ម និងឆ្លងកាត់គយក៏ត្រូវ បន្ធូរបន្ថយហើយ ។ អនុលោមតាមការវិភាគ របស់ក្រុមហ៊ុនអន្តរជាតិ ING នៃប្រទេសហូឡង់បានបង្ហាញ ឱ្យឃើញថា ប្រសិនបើវិធានការបង្ការនិងគ្រប់គ្រងជំងឺកូវីដ ១៩ របស់ប្រទេសចិនដំណើរ ការដោយមានប្រសិទ្ធភាព និងតម្រូវការក្នុងក្របខ័ណ្ឌ ទូទាំងពិភពលោកនៅតែមានភាពខ្លាំងក្លា ជាបន្តបន្ទាប់ នោះ ការនាំចេញរបស់ប្រទេសចិន មានការរំពឹងអាចសម្រេច បាននូវអត្រាកំណើន គិតជាមធ្យមក្នុងមួយឆ្នាំ ១៥ ភាគរយ ។

ហេតុអ្វីបាន ជាអ្នកវិភាគដ៏ជំនាញ ទាំងនេះមានជំនឿចិត្តចំពោះពាណិជ្ជកម្មបរទេស របស់ចិន ? ជាបឋម គឺដោយមកពីប្រទេសចិន ជាគន្លឹះមួយក្នុង ខ្សែសង្វាក់ផ្គត់ ផ្គងសកល ហើយតម្រូវការជាសកល ចំពោះទំនិញចិន នៅតែមានភាពខ្លាំងក្លាដែរ ។ ទិន្នន័យបានបង្ហាញថា ក្នុងរយៈពេល ៥ ខែដំបូងឆ្នាំនេះ ទំហំនាំចេញរបស់ចិន ទៅកាន់សមាគមអាស៊ាន ដែលជាដៃគូពាណិជ្ជកម្មធំទីមួយ របស់ចិន បានឡើងដល់ ១,៣៥ ទ្រីលានយាន់ប្រាក់ចិន ដែលបានកើនឡើង ១២ ភាគរយ ។ ឯទំហំនាំចេញរបស់ចិនទៅកាន់សហភាពអឺរ៉ុបដែលជាដៃគូ ពាណិជ្ជកម្មធំទីពីរ បានកើនឡើង ១៧,៤ ភាគរយ ហើយទំហំនាំចេញរបស់ចិនទៅកាន់សហរដ្ឋអាមេរិក ដែលជាដៃគូពាណិជ្ជកម្មធំទីបី បានកើនឡើង ១២,៩ ភាគរយ ។

គួររំលឹកដែរថា ចិនត្រូវការពិភពលោក រីឯពិភពលោកវិញ ក៏មិនអាចឃ្លាតពីប្រទេសចិនដែរ ។ មិនថា អ្នកនយោបាយសហរដ្ឋអាមេរិក និងប្រទេសប៉ែកខាងលិច មួយចំនួនតូច ញុះញង់សហគ្រាសពហុជាតិ ឱ្យ”ផ្តាច់ទំនាក់ទំនង” ជាមួយប្រទេសចិន យ៉ាងណាក៏ដោយ ក៏វានៅតែជារឿង ដែលមិនអាចសម្រេច បាននោះទេ ។

ពាណិជ្ជកម្ម ជាមួយបរទេសរបស់ចិន ត្រូវគេចាត់ទុកជាឧបករណ៍ សម្រាប់សង្កេតមើលពីសេដ្ឋកិច្ចចិន ។ ក្នុងរយៈពេល ៥ ខែកន្លងទៅ ពាណិជ្ជកម្ម ជាមួយបរទេសរបស់ចិន ទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់ ដែលបានឆ្លុះបញ្ចាំងពីភាពធន់យ៉ាងខ្លាំងក្លា នៃសេដ្ឋកិច្ចចិន ។ ប្រការទាំងនេះ មិនត្រឹមតែជាព័ត៌មានល្អ ចំពោះប្រទេសចិន ប៉ុណ្ណោះទេ ថែមទាំងក៏បានបញ្ចេញភាព កក់ក្តៅនិងរស់រវើកដ៏កម្រមាន ចំពោះពិភពលោកផងដែរ ។

ពេលវេលានឹងបញ្ជាក់ថា ប្រទេសចិនមានសមត្ថភាព និងមានលក្ខខណ្ឌរក្សាសេដ្ឋកិច្ច ឱ្យទទួលបានការអភិវឌ្ឍ ប្រកបដោយស្ថិរភាពនិងរឹងមាំ ហើយនឹងក្លាយជាកម្លាំងគន្លឹះ សម្រាប់លំនឹងខ្សែសង្វាក់ផ្គត់ផ្គង់ ជាសកលនិងជំរុញការងើបឡើង វិញនៃសេដ្ឋ កិច្ចពិភពលោកជា បន្តបន្ទាប់ផងដែរ ៕ វិទ្យុមិត្តភាពកម្ពុជាចិន

To Top