ព័ត៌មានអន្តរជាតិ

កងទ័ពអាកាសអាមេរិកថា នាវិកយន្តហោះដឹកជញ្ជូនយោធា Boeing C-17 មិនទទួលខុសត្រូវ ចំពោះការស្លាប់ របស់ជនស៊ីវិល អាហ្វហ្គានីស្ថាន

បរទេស ៖ កងទ័ពអាកាសអាមេរិក បានកំណត់ថា នាវិកនៃយន្តហោះដឹកជញ្ជូនយោធា Boeing C-17 មិនទទួលខុសត្រូវ ចំពោះការស្លាប់ របស់ជនស៊ីវិលអាហ្វហ្គានីស្ថាន ដែលបានព្យាយាមតោងជាប់ នឹងយន្តហោះនេះ ខណៈដែលបានហោះចេញ ពីទីក្រុងកាប៊ុល ក្នុងខែសីហា ឆ្នាំ 2021 ចំពេលមានការច្របូកច្របល់យ៉ាងខ្លាំង នៃកងកម្លាំងសហរដ្ឋអាមេរិកពីប្រទេស ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងសេចក្តី ថ្លែងការណ៍ ដែលបានចេញផ្សាយ ទៅកាន់សារព័ត៌មាន កាលពីថ្ងៃចន្ទ អ្នកនាំពាក្យកងទ័ពអាកាស អាមេរិក លោក Ann Stefanek បាននិយាយថា “នាវិកបានធ្វើសកម្មភាព ត្រឹមត្រូវ និងអនុវត្តការ វិនិច្ឆ័យត្រឹមត្រូវក្នុងការសម្រេចចិត្ត របស់ពួកគេក្នុងការហោះហើរឱ្យលឿន តាមដែលអាចធ្វើទៅបាន នៅពេលប្រឈមមុខ នឹងស្ថានភាពសន្តិសុខ ដែលមិនធ្លាប់មានពីមុនមក និងកាន់តែយ៉ាប់យ៉ឺន យ៉ាងឆាប់រហ័ស” នៅក្នុងប្រទេស អាហ្វហ្គានីស្ថាន។

លោក Stefanek បានកត់សម្គាល់ថា ការសម្រេចចិត្តនេះគឺ “អនុលោម តាមច្បាប់នៃការចូលរួម” ហើយថាសកម្មភាព និងការគិតរហ័ស របស់នាវិកបានធានាសុវត្ថិភាព របស់ពួកគេនិងយន្តហោះ ។

សូមជម្រាបថា ឧបទ្ទវហេតុឡើងតោងយន្តហោះនេះ បានកើតឡើងនៅថ្ងៃទី 16 ខែសីហា ឆ្នាំ 2021 នៅអាកាសយានដ្ឋានអន្តរជាតិ Hamid Karzai ក្នុងទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន ខណៈដែលជនស៊ីវិលអាហ្វហ្គានីស្ថាន រាប់លាននាក់ ចង់ចាកចេញពីប្រទេសនេះ យ៉ាងខ្លាំង បន្ទាប់ពីរដ្ឋាភិបាល បានធ្លាក់ទៅលើពួកតាលីបង់ បានប្រមូលផ្តុំគ្នា នៅអាកាសយានដ្ឋាន៕
ប្រែសម្រួលៈ ណៃ តុលា

To Top