ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីបារាំង អធិការបតីអាល្លឺម៉ង់ និងនាយករដ្ឋមន្ត្រីអ៊ីតាលី នឹងទៅកន្លែងសង្រ្គាម ដែលសម្លាប់រង្គាល នៅអ៊ុយក្រែន

បរទេស៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron , អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz និងនាយករដ្ឋមន្ត្រីអ៊ីតាលី Mario Draghi បានមកដល់ទីក្រុងគៀវ កាលពីថ្ងៃព្រហស្បតិ៍ សម្រាប់ដំណើរទស្សនកិច្ចលើកដំបូង របស់ពួកគេទៅកាន់អ៊ុយក្រែន ចាប់តាំងពីការឈ្លានពាន របស់រុស្ស៊ី។

យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា មេដឹកនាំទាំង៣រូប បានមកដល់តាមរថភ្លើងពិសេសមួយ ពីប្រទេសប៉ូឡូញ ជាមួយនឹងរូបភាពរបស់ AFP ដែលបង្ហាញពួកគេចុះទៅកាន់វេទិកាមួយ ក្នុងរដ្ឋធានីអ៊ុយក្រែន។

នេះជាដំណើរទស្សនកិច្ចលើកដំបូង របស់មេដឹកនាំអាល្លឺម៉ង់ បារាំង និងអ៊ីតាលី មកប្រទេសអ៊ុយក្រែន ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីមកលើប្រទេសនេះ កាលពីថ្ងៃទី២៤ ខែកុម្ភៈ។ 

លោក Macron បាននិយាយថា ពួកគេនឹងជួបជាមួយប្រធានាធិបតី Volodymyr Zelensky ហើយទៅ “កន្លែងសង្រ្គាម ដែលការសម្លាប់រង្គាលត្រូវបានប្រព្រឹត្ត”។ មេដឹកនាំបារាំង បានហៅអំពើឃោរឃៅរបស់រុស្ស៊ី នៅក្នុងក្រុងក្បែរក្រុងគៀវថាជា «ឧក្រិដ្ឋកម្មសង្គ្រាម»។ លោក Macron បាននិយាយនៅពេលគាត់ចុះពីរថភ្លើងថា “នេះគឺជាសារនៃការរួបរួមរបស់អឺរ៉ុប ដែលផ្ញើទៅកាន់បុរស និងស្ត្រីអ៊ុយក្រែន នៃការគាំទ្រ” ។

ដំណើរទស្សនកិច្ចនេះ ធ្វើឡើងខណៈអ៊ុយក្រែន កំពុងជំរុញឱ្យមានឋានៈជាបេក្ខជនផ្លូវការ ដើម្បីចូលរួមជាមួយសហភាពអឺរ៉ុប៕

To Top