បរទេស៖ អ្នកនាំពាក្យ ក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ឆ្លើយតបទៅនឹងការរិះគន់ របស់ទីក្រុងវ៉ាស៊ីនតោន ចំពោះជំហររបស់ចិន ចំពោះជម្លោះនេះថា រដ្ឋាភិបាលទីក្រុងប៉េកាំង មិនដូចសហរដ្ឋអាមេរិកទេ គឺចិនកំពុងស្វែងរកសន្តិភាព ក្នុងប្រទេសអ៊ុយក្រែន ហើយវាអាស្រ័យលើសាធារណជន ក្នុងការសម្រេចចិត្តថា អ្នកណានៅ “ផ្នែកខាងភាពត្រឹមត្រូវ នៃប្រវត្តិសាស្ត្រ” ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រទេសចិន បានរងការរិះគន់យ៉ាងខ្លាំង ពីសហរដ្ឋអាមេរិក ចំពោះការបដិសេធរបស់ខ្លួន ក្នុងការថ្កោលទោស ការវាយលុករបស់រុស្ស៊ី នៅអ៊ុយក្រែន ក៏ដូចជាកិច្ចសហប្រតិបត្តិការ របស់ខ្លួនជាមួយទីក្រុងម៉ូស្គូ ផងដែរ។
កាលពីថ្ងៃពុធ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានចោទប្រកាន់ទីក្រុងប៉េកាំងថា “នៅតែឈរជាមួយរុស្ស៊ី បន្ទរការឃោសនារបស់ខ្លួន បដិសេធអំពើឃោរឃៅ របស់រុស្ស៊ីនៅអ៊ុយក្រែន” មុនពេលនិយាយថា “ប្រទេសនានា ដែលនៅខាងជាមួយលោក វ្ល៉ាឌីមៀ ពូទីន នឹងឃើញខ្លួនឯង នៅខាងខុសនៃប្រវត្តិសាស្ត្រ” ។
លោក Wang Wenbin បាននិយាយថា «ចំពោះបញ្ហាអ៊ុយក្រែន ចិនតែងតែវាយតម្លៃ ស្ថានភាពដោយឯករាជ្យ ដោយឈរលើមូលដ្ឋាន នៃបរិបទប្រវត្តិសាស្ត្រ និងគុណសម្បត្តិនៃបញ្ហា។ យើងតែងតែឈរនៅខាងសន្តិភាព និងយុត្តិធម៌»។
បន្ទាប់មកលោកបានប្រៀបធៀប គោលនយោបាយការបរទេស របស់ចិនជាមួយសហរដ្ឋអាមេរិក ហើយតាមគំនិតរបស់គាត់ ចិនមិនដូចក្រុងវ៉ាស៊ីនតោនទេ។ លោកបាននិយាយថា ខណៈពេលដែលក្រុងវ៉ាស៊ីនតោន កំពុងជំរុញការពង្រីកណាតូ ទៅទិសខាងកើត និងនាំយកជម្លោះ “ត្រឡប់ទៅអឺរ៉ុប” មកវិញនោះ ប្រទេសចិនបានប្តេជ្ញាចិត្ត ក្នុងការសន្ទនា និងកិច្ចសហប្រតិបត្តិការ៕
ប្រែសម្រួលៈ ណៃ តុលា