ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញលទ្ធផល នៃកិច្ចប្រជុំ ដែលដឹកនាំដោយ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើឯកសារ ពាក់ព័ន្ធនឹងការប្រកាស លទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដោយមានប្រជាពលរដ្ឋ ចេញទៅបោះឆ្នោត ជាង៧លាននាក់ ខណៈគណបក្សបក្សប្រជាជនកម្ពុជា បានអាសនៈជាង៩ពាន់។ នេះយោងតាមសេចក្ដីប្រកាស ព័ត៌មាន គ.ជ.ប។
យោងតាមតារាងលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ប្រជាពលរដ្ឋ ចេញទៅបោះឆ្នោត ចំនួន ៧,៣៩៤,៤២៧នាក់ ស្មើនឹង៨០.៣២%, សន្លឹកឆ្នោតបានការ ចំនួន ៧,២៣៧,០៣៧សន្លឹក, សន្លឹកឆ្នោតមិនបានការចំនួន ១៥៧,៣៩០សន្លឹក។
ក្នុងនោះ បញ្ជីបេក្ខជន នៃគណបក្ស នយោបាយចំនួន៩ ក្នុងចំណោមគណបក្ស នយោបាយ ចំនួន១៧ ដែលបានចូលរួមប្រកួតប្រជែង បានទទួលអាសនៈ ក្រុមប្រឹក្សា សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដូចជា ៖ បញ្ជីបេក្ខជន នៃគណបក្សប្រជាជនកម្ពុជា ទទួលបាន ៩,៣៧៦អាសនៈ, បញ្ជីបេក្ខជន នៃគណបក្សភ្លើងទៀន ទទួលបាន ២,១៩៨អាសនៈ, បញ្ជីបេក្ខជន នៃគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ១៩អាសនៈ, បញ្ជីបេក្ខជន នៃគណបក្សខ្មែរ រួបរួមជាតិ ទទួលបាន ១៣អាសនៈ, បញ្ជីបេក្ខជន នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទទួលបាន ៦អាសនៈ, បញ្ជីបេក្ខជន នៃគណបក្សខ្មែរ ស្រឡាញ់ជាតិទទួលបាន ៥អាសនៈ, បញ្ជីបេក្ខជន នៃគណបក្សយុវជនកម្ពុជា ទទួលបាន ៣អាសនៈ, បញ្ជីបេក្ខជន នៃគណបក្សកម្ពុជានិយម ទទួលបាន ១អាសនៈ, បញ្ជីបេក្ខជន នៃគណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ ទទួលបាន ១អាសនៈ។
គ.ជ.ប សម្រេចឲ្យអង្គភាព ជំនាញផ្សព្វផ្សាយលទ្ធផលផ្លូវការ នៃការបោះឆ្នោតនេះជាសាធារណៈ នៅថ្ងៃអាទិត្យ ទី២៦ ខែមិថុនា ឆ្នាំ២០២២ តាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់រដ្ឋ និងផ្សាយតាមគេហទំព័រ និងតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន សង្គម របស់ គ.ជ.ប ៕