ព័ត៌មានអន្តរជាតិ

រុស្ស៊ី បាញ់មីស៊ីលផ្លោង ចំនួន២គ្រាប់ ចំផ្សារទំនើបនៅអ៊ុយក្រែន បណ្តាលឲ្យស្លាប់មនុស្ស តិចបំផុត១៣នាក់

អ៊ុយក្រែន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ថា អភិបាលតំបន់បានលើកឡើងថា មីស៊ីលផ្លោងរបស់រុស្ស៊ីចំនួន២គ្រាប់ បានវាយប្រហារទៅលើ មជ្ឈមណ្ឌលផ្សារទំនើប១កន្លែង ក្នុងទីក្រុង Kremenchuk ភាគកណ្តាល នៃប្រទេសអ៊ុយក្រែនកាលពីថ្ងៃចន្ទ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣នាក់ និងរបួស៥០នាក់ ។

លោកប្រធានាធិបតី Volodymyr Zelenskyy បានថ្លែងថា មនុស្សជាង១.០០០នាក់ នៅក្នុងមជ្ឈមណ្ឌលលក់ទំនិញ នៅពេលនៃការវាយប្រហារនេះ ដែលសាក្សីបាននិយាយថា បណ្តាលឱ្យមានភ្លើងឆេះដ៏ធំ និងបានបញ្ចេញផ្សែងខ្មៅហ៊ុយ ទៅលើមេឃ ។

អ្នកយកព័ត៌មានមកពីទីភ្នាក់ងារ Reuters ម្នាក់បានឃើញភ្លើងឆេះ នៃអគារផ្សារទំនើបមួយ ដែលមានដំបូលប្រក់ស័ង្កសី ។

ក្រុមអ្នកពន្លត់អគ្គីភ័យ និងទាហានកំពុងទាញបំណែកដែក ដែលរលំចេញ ខណៈដែលពួកគេស្វែងរក អ្នកនៅរស់រានមានជីវិត ។

លោក Zelenskyy បានសរសេរនៅលើកម្មវិធីផ្ញើសារ Telegram ថា “វាមិនអាចទៅរួចទេ ក្នុងការស្រមៃមើល ចំនួនជនរងគ្រោះ វាគ្មានប្រយោជន៍ទេក្នុងការសង្ឃឹម សម្រាប់ភាពសមរម្យ និងមនុស្សជាតិពីប្រទេសរុស្ស៊ី” ។

លោក Dmytro Lunin អភិបាលនៃតំបន់ Poltava ភាគកណ្តាល បានសរសេរនៅលើ Telegram ថា មនុស្ស១៣នាក់ ត្រូវបានបញ្ជាក់ថា ស្លាប់ដោយសារការវាយប្រហារ ដោយបន្ថែមថា វាឆាប់ពេកក្នុងការនិយាយ អំពីចំនួនអ្នកស្លាប់ចុងក្រោយ ខណៈដែលក្រុមអ្នកជួយសង្គ្រោះ នៅតែបន្តរុកនៅក្នុងរណ្ដៅ តាមគំនរបាក់បែក៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top