ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីតួកគី ប្ដេជ្ញាចាប់ផ្ដើមប្រតិបត្ដិការថ្មី នៅក្នុងប្រទេសស៊ីរី

អង់ការ៉ា៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានឲ្យដឹងថា កងទ័ពតួកគីនឹងចាប់ផ្តើមប្រតិបត្តិការថ្មី នៅក្នុងប្រទេសស៊ីរី ភ្លាមៗនៅពេល ដែលការរៀបចំត្រូវបានបញ្ចប់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកបានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា “យើងនឹងចាប់ផ្តើមប្រតិបត្តិការយោធាថ្មី នៅក្នុងប្រទេសស៊ីរីភ្លាមៗនៅពេល ដែលការត្រៀមរៀបចំ របស់យើងត្រូវបានបញ្ចប់” ។

លោកបានពន្យល់ថា ការលុកលុយថ្មីនេះមានគោលបំណង ភ្ជាប់ច្រករបៀងសន្តិសុខ ដែលខូចដែលយោធាតួកគីបានបង្កើត តាមខ្សែបន្ទាត់ព្រំដែនតួកគី-ស៊ីរី។

លោក Erdogan បានលើកឡើងថា “ខ្ញុំចង់គូសបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែង ដើម្បីបង្វែរយើងពីគោលដៅរបស់យើង គឺគ្មានប្រយោជន៍ឡើយ។ ប្រតិបត្តិការឆ្លងព្រំដែនរបស់យើង គឺដូចជាអាកប្បកិរិយាប្រកបដោយតុល្យភាព និងជាប់លាប់របស់យើងចំពោះវិបត្តិ។ យើងនឹងចាប់ផ្តើមប្រតិបត្តិការថ្មី”។

ដោយលើកឡើងពីដំណើរទស្សនកិច្ច នាពេលខាងមុខរបស់លោកទៅកាន់ទីក្រុងម៉ាឌ្រីដ ក្នុងសប្តាហ៍នេះសម្រាប់កិច្ចប្រជុំកំពូល របស់អង្គការណាតូ លោក Erdogan បានលើកឡើងថា លោកនឹងបង្ហាញឯកសារដើម្បីបង្ហាញ “ការលាក់ពុតរបស់ប្រទេសមួយចំនួន ទាក់ទងនឹងអង្គការភេរវករ”។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ប្រធានាធិបតីតួកគី បានបញ្ចេញមតិជាច្រើនដងអំពី ចេតនារបស់តួកគីក្នុងការបើក ប្រតិបត្តិការថ្មីមួយនៅក្នុង ប្រទេសជិតខាងប្រឆាំងនឹង អង្គភាពការពារប្រជាជនឃឺដ (YPG) របស់ប្រទេសស៊ីរី ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top