តាកែវ៖ លោក ឯក ឆេងហ៊ួត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ បានធ្វើការណែនាំ ដល់មន្រ្តីនគបាលយុត្តិធម៌ ត្រូវអនុវត្តន៍តួនាទីភារកិច្ច ឲ្យត្រូវទៅតាមច្បាប់ ដែលបានចែង ជាពិសេសលោកមេឃុំចៅសង្កាត់ ត្រូវមានការប្រុងប្រយ័ត្ន រឿងសំបុត្រអាត្រានុកូលដ្ឋាន និងការបញ្ជាក់កិរិយាមាយាទ ប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួន និងការបញ្ជាក់សំបុត្រកំណើត។
ថ្លែងនៅក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំ ពង្រឹងការអនុវត្តន៍តួនាទី មន្រ្តីនគបាលយុត្តិធម៌ នៅរដ្ឋបាលក្រុងដូនកែវ នៅថ្ងៃទី៤ ខែកក្ដដា ឆ្នាំ២០២២នេះ លោកព្រះរាជអាជ្ញាបានថ្លែងថា កន្លងមកមានការបញ្ជាក់សំបុត្រកំណើត ទៅលើកម្មករ កម្មាការីរោងចក្រមួយចំនួន ដែលបញ្ជាក់អាយុខុសពីការពិត ដើម្បីបានចូលបំរើការងារ។
លោកបានសង្កត់ធ្ងន់ថា «នៅពេលដែលសមត្ថកិច្ច ឬអង្គការក្រៅរដ្ឋាភិបាល ចុះពិនឹត្យតាមរោងចក្រ សហគ្រាសបានរកឃើញ អនិតិជនមួយចំនួន បានបំរើការនៅទីនោះ ហើយអង្គការខ្លះ បានចោទថា រោងចក្រ បានប្រើប្រាស់កំលាំងអនិតិជន ដោយខុសច្បាប់»។
លោក ឯក ឆេងហ៊ួត បានថ្លែងបន្តថា បញ្ហានេះជាអំពើខុសច្បាប់ ដូច្នោះលោកមេឃុំចៅសង្កាត់ ក៍ត្រូវពិនឹត្យអោយបានច្បាស់លាស់ មុននិងចុះហត្ថលេខា លើការបញ្ជាក់សំបុត្រកំណើត។
នៅក្នុងឱកាសនោះ លោកព្រះរាជអាជ្ញា ក៍បានធ្វើការណែនាំ ដល់មន្រ្តីនគបាលយុត្តិធម៌ ត្រូវតែអនុវត្តន៍អោយបានត្រឹមត្រូវ ទៅតាមច្បាប់ អំពីរបៀបធ្វើកំណត់ហេតុ អង្គហេតុ វត្ថុតាង និងការឃាត់ខ្លួនអនិតិជន និងត្រូវយកចឹត្តទុកដាក់ ត្រូវបង្ក្រាបបទល្មើស នៅក្នុងមូលដ្ឋាន ដោយធ្វើការរាយការណ៍ មកព្រះរាជអាជ្ញា៕