ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋម្ត្រីការបរទេសកម្ពុជា និងជាប្រេសិតពិសេសរបស់ ប្រធានអាស៊ាន ស្ដីពីបញ្ហាមីយ៉ាន់ម៉ា បានបង្ហាញនូវក្ដីសង្ឃឹមថា លោកនឹងត្រឡប់ទៅបំពេញទស្សនកិច្ច នៅមីយ៉ាន់ម៉ា ក្នុងពេលឆាប់ៗ ដើម្បីបន្តបេសកកម្មដើម្បីប្រទេស និងប្រជាជនមីយ៉ាន់ម៉ា ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៥ កក្កដា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានមានប្រសាសន៍ថា លោកបានបញ្ចប់បេសកកម្ម នៅមីយ៉ាន់ម៉ាលើកនេះ ប្រើពេលប្រាំមួយយប់ ប្រាំពីរថ្ងៃ និងប្រាំបីជើងហោះហើរ។
លោកឧបនាយករដ្ឋមន្រ្តីគូសបញ្ជាក់ថា ទស្សនកិច្ចមួយនេះហាក់បីដូចជារាងយូរបន្តិច ប៉ុន្តែមានអត្ថប្រយោជន៍ ច្រើនគួរសម ដោយលោក និងគណៈប្រតិភូកម្ពុជា មានឱកាសបានរៀនសូត្រ និងស្វែងយល់ពីប្រទេសមីយ៉ាន់ម៉ា ក៏ដូចជាប្រជាជននៅទីនោះបានច្រើនជាងការរំពឹងទុក។
ប្រេសិតពិសេសសង្កត់ធ្ងន់ថា «ខ្ញុំសង្ឃឹមថានឹងត្រលប់មកវិញក្នុងពេលឆាប់ៗ ហើយបន្តបេសកកម្មនេះ ដើម្បីប្រទេស និងប្រជាជនមីយ៉ាន់ម៉ា» ។
លោកឧបនាយករដ្ឋមន្រ្តីបន្ថែមថា បាហ្កានដែលជាទីក្រុង ដ៏អស្ចារ្យមួយពោរពេញទៅដោយប្រវត្តិសាស្រ្ត និងវប្បធម៌ដ៏សម្បូរបែប គឺជាទីកន្លែងបេសកកម្មចុងក្រោយរបស់គណៈប្រតិភូមុនពេលធ្វើមាតុភូមិនិវត្តន៍។
លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ភាគីម្ចាស់ផ្ទះ និងអ្នកពាក់ព័ន្ធទាំងអស់សម្រាប់ការ បដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងអនុស្សាវរីយ៍ថ្មីមួយនេះ ៕