បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយកាលពីថ្ងៃចន្ទថា ការយាយីអ្នកកាសែត រុស្ស៊ីនៅសហរដ្ឋអាមេរិក អឺរ៉ុប និងអ៊ុយក្រែន បានឈានដល់ “ទ្រង់ទ្រាយធំ” ។ លោកថា ទីក្រុងមូស្គូមិនដែលចង់ ចាត់វិធានការណាមួយដែលនឹងប៉ះពាល់ដល់សេរីភាពអ្នកសារព័ត៌មានឡើយ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្ត បានផ្តល់ឱ្យប្រទេសរុស្ស៊ីជាមួយនឹងភាពគ្មានជម្រើស ក្រៅពីការតបស្នង។
យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែក តាមការលើក ឡើងរបស់លោក Lavrov ថា រុស្ស៊ីចាប់អារម្មណ៍ក្នុងការបញ្ចប់ “សង្គ្រាមលើអ្នកកាសែត” ដោយបន្ថែមថា បណ្តាប្រទេសលោកខាងលិចទំនងជាមិនអាចបញ្ឈប់វាបានដោយមិន “បាត់បង់ការគោរព” ។
លោកបានអះអាងថា ទីក្រុងមូស្គូមិនអាចឈរដោយស្ងៀមស្ងាត់ដោយផ្តល់សម្ពាធ ដល់អ្នកសារព័ត៌មាន របស់ខ្លួននោះទេ ជាពិសេសចាប់តាំងពីការធ្វើទុក្ខបុកម្នេញបានឈានដល់កម្រិតមួយ “ដែលមិនអាចទ្រាំទ្របានទៀតទេ”។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បន្ថែមថា “ដំបូងឡើយយើងមិនចង់ផ្តល់ការឆ្លើយតបជាកញ្ចក់ដែលនឹងប៉ះពាល់ដល់សិទ្ធិរបស់អ្នកសារព័ត៌មានទេ ប៉ុន្តែលោកខាងលិចបានកប់សេរីភាពនៃការបញ្ចេញមតិដោយដៃរបស់ខ្លួនផ្ទាល់”។ លោកមិនបានប្រកាសពីវិធានការថ្មីប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយបរទេសណាមួយ ក្នុងប្រទេសរុស្ស៊ីនោះទេ៕
ប្រែសម្រួលៈ ណៃ តុលា