ព័ត៌មានជាតិ

សម្ដេចតេជោ៖ សប្បុរសជនចូលរួមយុទ្ធនាការ បោសសំអាតមីន នៅកម្ពុជា ជាង១៥លានដុល្លារ និងប្រាក់រៀល ជិត១៩១លានរៀល

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា គិតមកដល់ពេលនេះ សប្បុរសជន បានចូលរួមបរិច្ចាគ ក្នុងយុទ្ធនាការបោសសំអាតមីន នៅកម្ពុជា មានទឹកប្រាក់ចំនួន ១៥ ៦១៤ ៩១០ដុល្លារ និងប្រាក់រៀលចំនួន ១៩០ ៨០០ ០០០រៀល។

យោងតាមគេហទំព័រហ្វេសប៊ុក សម្ដេចតេជោ នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ បានបញ្ជាក់ថា «បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ គិតមកដល់ពេលនេះ សប្បុរសជន ដែលបានចូលរួមសម្រាប់បំផ្លាញ ចោលគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ មានចំនួនទឹកប្រាក់ ១៥ ៦១៤ ៩១០ដុល្លារ និងប្រាក់រៀលចំនួន ១៩០ ៨០០ ០០០រៀល នេះជាចលនាជាតិដ៏ធំ ដើម្បីឆ្ពោះទៅរកសូន្យគ្រាប់មីន នៅឆ្នាំ២០២៥» ។

សម្ដេចតេជោបន្ដថា ដើម្បីសម្រួលដល់ការចូលរួម របស់ប្រជាពលរដ្ឋជាបន្តទៀតអាជ្ញាធរមីនកម្ពុជា បានបើកគណនីនៅធនាគារ ABA ធនាគារ អេស៊ីលីដា និងធនាគារកាណាឌីយ៉ា ។ សម្ដេចសង្ឃឹមថា ជនរួមជាតិទាំងក្នុង និង ក្រៅប្រទេស នឹងបន្តចូលរួមក្នុងយុទ្ធនាការ ឈានទៅបញ្ចប់សោកនាដកម្មលើទឹកដី ដ៏កំសត់របស់កម្ពុជា ត្រឹមឆ្នាំ២០២៥ ៕

To Top