ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានបដិសេធទៅគណបក្សនយោបាយ៥ដែលបានស្នើសុំកែប្រែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ដោយលោកថា បក្សប្រជាជនមិនអាចរត់តាមកន្ទុយរបស់ពួកគេបាននោះទេ ។
លោក សុខ ឥសាន បានលើកឡើងក្នុងបណ្តាញតេឡេក្រាម នាថ្ងៃ១៣ កក្កដា ថា “គណបក្សប្រជាជនកម្ពុជាមិនរត់តាមកន្ទុយគណបក្សទាំង៥ដែលស្នើសុំកែប្រែច្បាប់ និងសមាសភាព គ.ជ.ប ទេ ។ មេបក្សទាំងនោះ សុទ្ធតែស្ថិតនៅក្នុងបក្សប្រឆាំងដែលបានតវ៉ាកែទម្រង់ គ.ជ.ប រួចហើយ ។ អត់មានចាំបាច់អីត្រូវកែប្រែទៀតទេ”។
ការបដិសេធនេះ ក្រោយពីថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ និងគណបក្សកែទម្រង់កម្ពុជា ដោយអវត្តមានគណបក្សកម្ពុជានិយម បានធ្វើសន្និសីទរួមគ្នា ស្តីពីការស្នើកែលម្អប្រព័ន្ធបោះឆ្នោត និងសេរីភាពនយោបាយនៅកម្ពុជា កាលពីថ្ងៃ១១ កក្កដា។
ដោយគណបក្សនយោបាយទាំងនោះ គ្រោងស្នើជួបខាង គ.ជ.ប រដ្ឋសភា ក្រសួងមហាផ្ទៃ និងគណបក្សប្រជាជន ដើម្បីជជែកអំពីបញ្ហាប្រឈមដែលជួបប្រទះកន្លងមកពាក់ព័ន្ធនឹងការបោះឆ្នោត និងសេចក្តីស្នើកែលម្អប្រព័ន្ធបោះឆ្នោត៕