អង់ការ៉ា ៖ រដ្ឋមន្ត្រីការពារជាតិតួកគី លោក Hulusi Akar បានឲ្យដឹងថា គណៈប្រតិភូយោធា នៃប្រទេសអ៊ុយក្រែន រុស្ស៊ី និងតួកគី រួមជាមួយនឹងមន្ត្រីអង្គការ សហប្រជាជាតិ នឹង ជួបប្រជុំគ្នានៅទីក្រុងអ៊ីស្តង់ប៊ុល នៅថ្ងៃពុធនេះ ដើម្បីពិភាក្សាអំពីការដឹកជញ្ជូន គ្រាប់ធញ្ញជាតិ ប្រកបដោយសុវត្ថិភាព ដែលកំពុងរង់ចាំ នៅកំពង់ផែអ៊ុយក្រែន។
នៅក្នុងសេចក្តីថ្លែងការណ៍ ជាលាយលក្ខណ៍អក្សរ លោក Akar បានលើកឡើងថា លោកបានជួបពិភាក្សាជាមួយសមភាគីរុស្ស៊ី និងអ៊ុយក្រែន លោក Sergey Shoigu និង Oleksii Reznikov លើបញ្ហានេះ ខណៈដែលគណៈប្រតិភូយោធាតួកគី បានធ្វើទស្សនកិច្ច នៅទីក្រុងមូស្គូ មុននេះ បន្ទាប់ពីដំណើរទស្សនកិច្ច របស់គណៈប្រតិភូអ៊ុយក្រែន ទៅកាន់ទីក្រុងអង់ការ៉ា។
លោកបានកត់សម្គាល់ថា កិច្ចប្រជុំទាំងនេះ បានទទួលលទ្ធផលវិជ្ជមាន ។ ប្រទេសតួកគីស្វែងរកឈ្មួញ កណ្តាលច្រករបៀងគ្រាប់ធញ្ញជាតិ ពីអ៊ុយក្រែន ឆ្លងកាត់សមុទ្រខ្មៅ ដែលជាផ្នែក នៃកិច្ចខិតខំប្រឹងប្រែងដែលគាំទ្រ ដោយអង្គការសហប្រជាជាតិ ដើម្បីជៀសវាងវិបត្តិស្បៀង អាហារពិភពលោក។
គួរបញ្ជាក់ថា ប្រទេសតួកគី គ្រប់គ្រងចរាចរណ៍ផ្លូវសមុទ្រទៅ និងពីសមុទ្រខ្មៅតាមរយៈច្រកសមុទ្រ Bosphorus របស់ខ្លួន។ ប្រទេសតួកគី បានឲ្យដឹងថា ខ្លួនត្រៀមខ្លួនជាស្រេច ដើម្បីទទួលយកតួនាទីមួយនៅក្នុង “យន្តការសង្កេត” ប្រសិនបើកិច្ចព្រមព្រៀងត្រូវបានឈានដល់។
ទីក្រុងអង់ការ៉ា ដែលមានទំនាក់ទំនងល្អ ជាមួយទាំងក្រុងកៀវ និង ទីក្រុងមូស្គូ បានដើរតួជាអ្នកសម្របសម្រួល រវាងពួកគេចាប់តាំងពីការផ្ទុះឡើង នៃជម្លោះរុស្ស៊ី-អ៊ុយក្រែន កាលពីចុងខែកុម្ភៈ៕ប្រែសម្រួល ឈូក បូរ៉ា