យេរ៉ូសាឡឹម៖ ក្រុមអ្នកវិភាគបានឲ្យដឹងថា ភាពខ្វែងគំនិតគ្នាលើ បញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល នៅតែមានដដែល បើទោះជាលោកប្រធានាធិបតី សហរដ្ឋអាមេរិក ចូ បៃដិន បំពេញទស្សនកិច្ចនាពេលនេះក៏ដោយ។
លោក បៃដិន និងនាយករដ្ឋមន្ត្រីចាំផ្ទះអ៊ីស្រាអែល លោក Yair Lapid កាលពីថ្ងៃព្រហស្បតិ៍បានចុះហត្ថលេខា លើសេចក្តីប្រកាសក្រុងយេរ៉ូសាឡឹម ដែលជាឯកសាររួម ស្តីពីការកសាងភាពជាដៃគូយុទ្ធសាស្ត្រ ក្រោមការដែលសម្ព័ន្ធមិត្តជិតស្និទ្ធទាំងពីរ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការទប់ស្កាត់អាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
ប៉ុន្តែអ្នកវិភាគអ៊ីស្រាអែល បានឲ្យដឹងថា សេចក្តីប្រកាសបែបនេះ ជាធម្មតា ខ្វះខ្លឹមសារហើយ មិនឆ្លុះបញ្ចាំង ពីការអភិវឌ្ឍន៍សំខាន់ ណាមួយ នៅក្នុងទំនាក់ទំនងទ្វេភាគីនោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ជាងនេះទៅទៀត ពួកគេបានព្យាករណ៍ថា ដំណើរកម្សាន្តរយៈពេលបួនថ្ងៃរបស់លោក បៃដិន ទៅកាន់មជ្ឈិមបូព៌ា ដែលនឹងបញ្ចប់ដោយការស្នាក់នៅ ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត នៅចុងសប្តាហ៍នេះ នឹងមិនស្របតាមការរំពឹងទុក របស់លោកក្នុងការពន្លឿនការធ្វើប្រក្រតីភាព នៃទំនាក់ទំនងរវាងអ៊ីស្រាអែល និងអារ៉ាប៊ីសាអូឌីតនោះទេ។
លោក Efraim Inbar ប្រធាន វិទ្យាស្ថានយេរ៉ូសាឡឹម សម្រាប់ការសិក្សាយុទ្ធសាស្រ្ត និងសន្តិសុខ ដែលជាអ្នកគិតគូររបស់អ៊ីស្រាអែលបាន ឲ្យដឹងថា “បញ្ហាពិតគឺជា អ្វីដែលអាមេរិក នឹងធ្វើអំពីអ៊ីរ៉ង់ដែល ជាអ្វីដែលអ៊ីស្រាអែល មានការព្រួយបារម្ភខ្លាំងណាស់ ហើយយើងដឹងថា មានការយល់ឃើញខុសគ្នា រវាងអ៊ីស្រាអែល និងអាមេរិកលើបញ្ហានេះ។
អ៊ីស្រាអែល ចាត់ទុកអ៊ីរ៉ង់ថា ជាសត្រូវរបស់ខ្លួន ហើយបានបន្តសម្តែងការព្រួយបារម្ភ ចំពោះសេចក្តីប្រាថ្នា នុយក្លេអ៊ែររបស់ខ្លួន ទោះបីជាអ៊ីរ៉ង់ ទទូចថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន មិនមែនសម្រាប់គោលបំណងយោធាក៏ដោយ។
សហរដ្ឋអាមេរិក រួមជាមួយនឹងមហាអំណាច ពិភពលោកផ្សេងទៀត បានចូលរួមក្នុងការចរចាជាមួយអ៊ីរ៉ង់ ស្តីពីការស្តារឡើងវិញនូវ កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ចាប់តាំងពីឆ្នាំមុន។
សហរដ្ឋអាមេរិកបានដកខ្លួន ជាឯកតោភាគីចេញពីកិច្ចព្រមព្រៀង នុយក្លេអ៊ែរក្នុងឆ្នាំ២០១៨ ប៉ុន្តែរដ្ឋបាលលោក បៃដិន សង្ឃឹមថានឹងស្តារកិច្ចព្រមព្រៀងឡើងវិញ តាមរយៈការចរចាដោយ ប្រយោលជាមួយអ៊ីរ៉ង់ ៕
ប្រែសម្រួល ឈូក បូរ៉ា