ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានឲ្យដឹងថា ប្រជាជននៅមជ្ឈិមបូព៌ា គឺជាចៅហ្វាយនាយនៃតំបន់ ហើយមជ្ឈិមបូព៌ាមិនមែនជាទីធ្លា ខាងក្រោយរបស់នរណាម្នាក់ឡើយ ទុកឲ្យតែគេហៅថា “កន្លែងទំនេរ”។
លោក Wang បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានជាទម្លាប់ នៅពេលដែលត្រូវបានស្នើសុំឱ្យ ធ្វើអត្ថាធិប្បាយលើការកត់សម្គាល់ របស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន ដែលថាសហរដ្ឋអាមេរិក អាចបន្តដឹកនាំនៅមជ្ឈិមបូព៌ា និងមិនបង្កើតកន្លែងទំនេរ “ដែលត្រូវបានបំពេញដោយប្រទេសចិន ឬរុស្ស៊ី ប្រឆាំងនឹងផលប្រយោជន៍ ទាំង អ៊ីស្រាអែល និង អាមេរិក”។
ដោយកត់សម្គាល់ថា បច្ចុប្បន្នស្ថានភាពមជ្ឈិមបូព៌ា នៅតែឆ្ងាយពីសន្តិភាព ជំងឺរាតត្បាតកូវីដ-១៩ បានរារាំងការអភិវឌ្ឍន៍ក្នុងតំបន់ ហើយវិបត្តិអ៊ុយក្រែននៅតែបន្ត ប៉ះពាល់ដល់សន្តិសុខក្នុងតំបន់ លោក Wang បានលើកឡើងថា អ្វីដែលប្រជាជនមជ្ឈិមបូព៌ាប្រាថ្នាចង់បានបំផុត គឺការអភិវឌ្ឍន៍ និងអ្វីដែលពួកគេ ជាតម្រូវការភាគច្រើន គឺសុវត្ថិភាព។
លោក Wang បានអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសប្រទេសមហាអំណាច ឆ្លើយតបទៅនឹងតម្រូវការបន្ទាន់ របស់ប្រជាជននៅមជ្ឈិមបូព៌ា ហើយជួយប្រទេស និងប្រជាជនក្នុងតំបន់ ដោះស្រាយបញ្ហាធំៗពីរ គឺការអភិវឌ្ឍន៍ និងសន្តិសុខ និងផ្តល់ជំនួយក្នុងន័យស្ថាបនា ។
លោក Wang បានបន្ដថា ប្រទេសចិនតែងតែគាំទ្រប្រជាជន នៃមជ្ឈិមបូព៌ាក្នុងការស្វែងរក ដោយឯករាជ្យនូវផ្លូវអភិវឌ្ឍន៍របស់ពួកគេ ហើយបានគាំទ្រប្រទេសក្នុង តំបន់ក្នុងការដោះស្រាយបញ្ហាសន្តិសុខ ក្នុងតំបន់តាមរយៈសាមគ្គីភាព និងការសម្របសម្រួល។
លោកបានបន្ថែមថា ប្រទេសចិន បានខិតខំប្រឹងប្រែងឥតឈប់ឈរ ហើយបានដើរតួនាទីត្រឹមត្រូវ របស់ខ្លួនក្នុងការរក្សាសន្តិភាព ជំរុញការអភិវឌ្ឍន៍ និងការដោះស្រាយដោយយុត្តិធម៌ និងសមហេតុផលនៃ ចំណុចក្តៅនៅក្នុងតំបន់ ៕
បករែសម្រួល ឈូក បូរ៉ា