ព័ត៌មានជាតិ

ប្រធានសមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា ដាក់ចេញគោលការណ៍ ចម្បង៥ចំណុច ខណៈសមាជិកថ្មី៤៤៥រូបទៀត ត្រូវបានដាក់បញ្ចូល

ភ្នំពេញ៖ លោក ឡី សុភាព ប្រធានសមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា នារសៀលថ្ងៃទី១៦ ខែកក្កដាឆ្នាំ២០២២នេះ បានប្រកាសបញ្ចូលសមាជិក-សមាជិកាថ្មី នៃសមាគមនេះចំនួន៤៤៥រូបទៀត និងបានដាក់ចេញអនុសាសន៍ល្អៗ រួមជាមួយគោលការណ៍ចម្បងៗ៥ចំណុច ដើម្បីឱ្យសមាជិកចាស់ថ្មីបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួន។

នាឱកាសនោះ លោកប្រធានសមាគមបានដាក់ចេញ គោលការណ៍ចម្បងៗចំនួន៥ចំណុច ដើម្បីឱ្យសមាជិក-សមាជិកយកទៅអនុវត្តឱ្យបានព្រមៗគ្នា ក្នុងនោះ៖

១. ត្រូវប្រជុំពិភាក្សាគ្នា ដើម្បីដាក់ចេញមរបៀបរបបធ្វើការងារ និងត្រូវអនុវត្តឱ្យបានត្រឹមត្រូវក្នុងការប្រកបការងារ និងមុខរបររបស់ក្រុមខ្លួន ក្នុងវិស័យអភិវឌ្ឍន៍ដីធ្លី និងសំណង់នេះ។

២. ត្រូវបន្តកសាងធនធានមនុស្សឱ្យយល់ដឹង ពីការងារក្នុងវិស័យអភិវឌ្ឍន៍ដីធ្លី និងសំណង់ ពិសេសការយល់ដឹងអំពីច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា ដែលពាក់ព័ន្ធនឹងវិស័យអភិវឌ្ឍន៍ដីធ្លី និងសំណង់។

៣. កសាងកេរ្តិ៍ឈ្មោះ ដើម្បីឱ្យប្រជាជន និងភាគីពាក់ព័ន្ធមានការជឿជាក់ និងគាំទ្រចំពោះការងារក្នុងវិស័យអភិវឌ្ឍន៍ដីធ្លី និងសំណង់ ក៏ដូចជាត្រូវផ្ដល់ផលប្រយោជន៍ ទៅវិញទៅមក គ្រប់ភាគីពាក់ព័ន្ធ។

៤. ត្រូវមានសាមគ្គីផ្ទៃក្នុងទាំងក្នុងក្រុម ក្នុងសមាគមអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា។

៥. សមាជិកសមាគមអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា ព្រមទាំងអ្នកប្រកបការងារ-មុខរបរក្នុងវិស័យអភិវឌ្ឍន៍ដីធ្លី និងសំណង់នៅប្រទេសកម្ពុជា ត្រូវអនុវត្តដោយការគោរពច្បាប់ ទៅតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

លោកប្រធានក៏បានអំពាវនាវ ឱ្យសមាជិកសមាគមអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា ត្រូវបង្កើនកិច្ចសហការជាមួយ អាជ្ញាធរដែនដី ដើម្បីចូលរួមបម្រើជាតិ និងប្រជាជនឱ្យបានល្អ។

លោក ឡី សុភាព បានលើកទឹកចិត្តឱ្យសមាជិក-សមាជិក ខិតខំបំពេញការងារ និងមុខរបរនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីឈានទៅពង្រីកវឌ្ឍនភាព សម្រាប់ប្រទេសជាតិ។

លោកបានណែនាំឱ្យសមាជិកចាស់ថ្មី នៃសមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា ត្រូវធ្វើការតាមរចនាសម្ពន្ធចាត់តាំង ដើម្បីទទួលបានផ្លែផ្កា ក្នុងការងារនៃវិស័យអភិវឌ្ឍន៍ដីធ្លី និងសំណង់។

លោកក៏បានលើកទឹកចិត្ត ដល់សមាជិកសមាគមមួយនេះ ត្រូវមានការប្រកួតប្រជែង ក្នុងការសម្រេចផែនការការងារទើបជំរុញឱ្យការងារក្នុងក្រុមកាន់តែមានវឌ្ឍនភាព។

គួរជម្រាបថា កម្មវិធីខាងលើនេះ ក៏អមជាមួយពិធីសំណេះសំណាល និងអាហារសាមគ្គីជាមួយសមាជិក-សមាជិកានៃអង្គការ សមាគម និងវិស័យឯកជនផងដែរ៕

To Top