ព័ត៌មានជាតិ

លោក ហ៊ុន ម៉ាណែត ៖ ឪពុក-ម្តាយ បញ្ជូនកូនមកធ្វើកងទ័ព ដើម្បីពង្រឹងវិន័យ មិនមែនមកឲ្យ ជក់គ្រឿងញៀន (Video)

ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា ឪពុក-ម្តាយ ឬអាណាព្យាបាល បញ្ជូនកូនចៅ របស់ពួកគាត់ ចូលបម្រើកងទ័ព ដើម្បីពង្រឹងវិន័យ មិនមែនឲ្យជក់ គ្រឿងញៀនទេ ។ ដូច្នេះនៅពេលរកឃើញ កងទ័ពណាប្រព្រឹត្តបទល្មើសគ្រឿងញៀន ត្រូវដកចេញ ដើម្បីកាត់ផ្តាច់ ទៅអ្នកដទៃទៀត ។

ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែតនេះ បន្ទាប់ពីរកឃើញកងទ័ព ប្រើប្រាស់គ្រឿងញៀន ហើយ បញ្ជូនទៅមជ្ឈមណ្ឌល បន្សាបគ្រឿងញៀន ដើម្បីអប់រំកែប្រែ ប៉ុន្តែពេលត្រឡប់មកវិញ នៅតែបន្តប្រើប្រាស់ដដែល ។

តាមរយៈសារជា វិដេអូ ជាង៤នាទីរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បង្ហោះក្នុងបណ្តាញ សង្គមហ្វេប៊ុកនាថ្ងៃ១៩ កក្កដា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោករូបនេះ បានរៀបរាប់ពីផលវិបាក នៃការប្រើប្រាស់គ្រឿញញៀន នាំឲ្យបំផ្លាញសង្គម ។ អ្វីកាន់តែជាពិសេស លោកបានលើកពីកងទ័ពប្រើប្រាស់គ្រឿនញៀន គឺត្រូវដកចេញ មិនត្រូវបញ្ជូនទៅមជ្ឈមណ្ឌល បន្សាបគ្រឿងញៀនទៀតទេ ព្រោះអង្គភាពខ្លះកន្លងមកដោយសារ តែមានការយោគក៏បញ្ជូនអប់រំបណ្តុះ ហើយមកវិញជក់ដដែល ។

លោកបញ្ជាក់ថា “ក្រុមកងទ័ព ខ្ញុំបានឲ្យដាក់វិន័យតឹងរឹងមែនទែន (បញ្ហាគ្រឿងញៀន) ឥឡូវចាប់ផ្តើមមានបញ្ហា កាត់ចោលបញ្ហា” ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បង្ហាញពីផលវិបត្តិ នៃការប្រើប្រាស់គ្រឿងញៀនរបស់កងទ័ពទៀតថា ឪពុកម្តាយកើតទុក្ខស្រក់ទឹកភ្នែក រហូតដោយសារ កូនសេពគ្រឿងញៀន ។

លោកសង្កត់ធ្ងន់ថា “ឪពុកម្តាយណា ដែលឲ្យចូលកងទ័ព… ឲ្យចូលមកដើម្បីពង្រឹងវិន័យ មិនមែនឲ្យមក ដើម្បីបង្កើតគ្រឿងញៀន។ មួយទៀត កំពុងធ្វើបាបអ្នកផ្សេង និងឪពុកម្តាយរបស់អ្នកផ្សេង ដោយសារ បើវាជក់ និងចែកចាយគឺវានាំគេខូច បើយើងមិនកាត់វាទេ ទុកវានៅហ្នឹងឲ្យសាបព្រោះ ពេលហ្នឹងយើងមិនមែនធ្វើបាប តែមនុស្សម្នាក់និងគ្រួសារមួយទេ យើងធ្វើបាបមនុស្ស១០នាក់ គ្រួសារ១០”

សូមបញ្ជាក់ថា កាលពីឆ្នាំ២០២១ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន៦៣០៨ករណី ស្មើនឹង៦០,៣០ភាគរយ បានថយចុះ៤.១៥៣ករណី ស្មើនឹង៣៩,៧០ភាគរយធៀបឆ្នាំ២០២០ ។ ឃាត់ខ្លួនជនសង្ស័យចំនួន១៣៩៧៩នាក់ ក្នុងនោះជនបរទេសចំនួន៣៦៥នាក់ ៕

To Top