ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា សហរដ្ឋអាមេរិក គួរតែបញ្ឈប់ជាបន្ទាន់នូវ ការប្លន់យកធនធានជាតិ របស់ប្រទេសស៊ីរី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Wang Wenbin បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅពេលត្រូវបានសួរឱ្យធ្វើអត្ថាធិប្បាយ លើរបាយការណ៍ដែលថា កងកម្លាំងកាន់កាប់របស់ សហរដ្ឋអាមេរិកនាពេលថ្មីៗនេះ បានផ្ទេរប្រេងដែលលួចពីប្រទេសស៊ីរី ទៅភាគខាងជើងនៃប្រទេសអ៊ីរ៉ាក់ ដោយមន្ត្រីស៊ីរី បានថ្កោលទោសសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ចំពោះការប្រព្រឹត្តទង្វើដូចចោរសមុទ្រ។
លោក Wang បានលើកឡើងថា ៩០ភាគរយនៃប្រជាជនស៊ីរីបច្ចុប្បន្ន កំពុងរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ ពីរភាគបីនៃចំនួនប្រជាជនពឹងផ្អែក លើជំនួយមនុស្សធម៌ ហើយជាងពាក់កណ្តាលនៃចំនួន ប្រជាជនទទួលរងពីអសន្តិសុខស្បៀង។
លោក Wang បានបន្ដថា យោធាអាមេរិកនៅតែកាន់កាប់ តំបន់ផលិតគ្រាប់ធញ្ញជាតិ និងប្រេងសំខាន់ៗក្នុងប្រទេសស៊ីរី ដោយបានលួចប្លន់ និងប្លន់យកធនធានជាតិរបស់ស៊ីរី ដែលធ្វើអោយវិបត្តិមនុស្សធម៌ ក្នុងតំបន់កាន់តែអាក្រក់ទៅៗ ដោយបន្ថែមថា ប្រជាជនស៊ីរីមួយចំនួនបានពណ៌នា វត្តមានរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសស៊ីរី ជាទម្រង់មួយនៃអំពើភេរវកម្ម។
លោក Wang បានឲ្យដឹងទៀតថា សហរដ្ឋអាមេរិក តែងតែអួតអំពីអ្វីដែលហៅថា ស្តង់ដារខ្ពស់បំផុតរបស់ខ្លួន ស្តីពីសិទ្ធិមនុស្ស និងនីតិរដ្ឋ ប៉ុន្តែសកម្មភាពរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសស៊ីរីបង្ហាញថា វាពិតជាបរាជ័យក្នុងទិដ្ឋភាពទាំងនេះ ។
លោកបានបន្ថែមថា សហរដ្ឋអាមេរិកគួរតែគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសស៊ីរី ឆ្លើយតបនឹងការអំពាវនាវ របស់ប្រជាជនស៊ីរី លុបចោលទណ្ឌកម្មឯកតោភាគី ប្រឆាំងនឹងស៊ីរីភ្លាមៗ បញ្ឈប់ការប្លន់យកធនធានជាតិ របស់ស៊ីរីជាបន្ទាន់ និងបង្កើតការខូចខាតដែលបង្កឡើង ដល់ប្រជាជនស៊ីរីដោយសកម្មភាពជាក់ស្តែង ៕
ប្រែសម្រួល ឈូក បូរ៉ា