ព័ត៌មានជាតិ

រដ្ឋសភា កំណត់ថ្ងៃ២៨ កក្កដា បើកសម័យប្រជុំពេញអង្គ អនុម័តវិសោធនរដ្ឋធម្មនុញ្ញ (Video)

ភ្នំពេញ ៖ ទីបំផុតរដ្ឋសភាបានកំណត់យកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ខាងមុខ ដើម្បីបើកសម័យប្រជុំពេញអង្គ ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី វិសោធនកម្មរដ្ឋធម្មនុញ្ញលើមាត្រាចំនួន៨។

ការកំណត់នេះបន្ទាប់សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា ដោយក្នុងនោះកិច្ចប្រជុំបានអនុម័ត​​ កំណត់កាលបរិច្ឆេទ បន្តសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ និងរបៀបវារៈនៃកិច្ចប្រជុំពេញអង្គ។

កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ បានអនុម័តកំណត់កាលបរិច្ឆេទ បន្តសម័យប្រជុំរដ្ឋសភា លើកទី៧ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ដោយមានរបៀបវារៈចំនួន៥ ក្នុងនោះសម័យប្រជុំរដ្ឋសភា នឹងធ្វើការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី(មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា និងមាត្រា៣ថ្មី និងមាត្រា៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានា ដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។

ក្រៅពីសេចក្តីព្រាងច្បាប់ខាងលើនេះ សម័យប្រជុំរដ្ឋសភានឹងធ្វើការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់មួយចំនួនទៀតផងដែរ។

ក្នុងសម័យប្រជុំពេញអង្គនេះដែរ ក៏នឹងប្រកាសការសម្រេចអំពីសុពលភាព នៃអាណត្តិរបស់ លោក ចាប ម៉ុច ជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល ជំនួស លោក ឌុល គឿន ដែលបានទទួលមរណភាព ៕

To Top