ព័ត៌មានជាតិ

បញ្ជូនបុរសចិនត្រូវចោទម្នាក់ ទៅឃុំខ្លួនបណ្ដោះអាសន្ន នៅពន្ធនាគារ ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ជាង៤៥ គីឡូក្រាម

ភ្នំពេញ: ចៅក្រមស៊ើបសួរ នៃ តុលាការរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០២២ បានបញ្ជូនខ្លួន បុរសចិនត្រូវចោទម្នាក់ ទៅឃុំខ្លួនជាបណ្ដោះអាសន្ននៅក្នុង ពន្ធនាគារ ដើម្បីរង់ចាំ ដោះស្រាយតាមផ្លូវច្បាប់ ជាប់នឹងការរក្សាទុក និង ជួញដូរគ្រឿងញៀន ជាង៤៥ គីឡូក្រាម នៅក្នុងរាជធានីភ្នំពេញ។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្នរបស់ចៅក្រមស៊ើបសួរ បានឱ្យដឹងថា ជនត្រូវចោទរូបនេះ មានឈ្មោះ HU FENGWEN ភេទប្រុស អាយុ ៣៣ ឆ្នាំ ( កើតនៅឆ្នាំ ១៩៨៩) ជនជាតិ ចិន ។

ជនត្រូវចោទត្រូវបានតំណាងអយ្យការចោទប្រកាន់ ពីបទ: រក្សាទុក និង ជួញដូរដោយខុសច្បាប់ នូវ សារធាតុញៀន និង ប្រឈមជាប់ ក្នុងពន្ធនាគារ អស់មួយជីវិត ប្រសិនបើ តុលាការរកឃើញ ពិរុទ្ធភាព ដូចការចោទប្រកាន់។

គាត់ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០២២ នៅក្នុងសង្កាត់វាលវង់ ខណ្ឌ ៧ មករា រាជធានីភ្នំពេញ។

ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន រឹបអូសបាន វត្ថុតាង រួមមាន: គ្រឿងញៀន ប្រភេទ អ៉ិចចស្តាស៊ី(MDMA)ទម្ងន់ ៧ គ.ក្រ ១៥០,១៦ក្រាម, មេតំហ្វេតាមីន(ICE)ទម្ងន់ ១៤ គ.ក្រ ០២៤ក្រាម, កេតាមីន(KETAMIN)ទម្ងន់ ២៤ គ.ក្រ ៣៨០ក្រាម, នីមេតាហ្សេប៉ាម(NIMETAZEPAM)ទម្ងន់ ១៤៤ក្រាម។

សរុបសារធាតុញៀន ដែលរឹបអូសបាន មាន ចំនួន ៤៥ គ.ក្រ ៦៩៨.១៦ក្រាម។ កញ្ឆា ៤០៨ ក្រាម។ សារធាតុគីមី ២៥ គ.ក្រ ១៥៣,៣៨ក្រាម៕ដោយ: លីហ្សា

លោក
To Top