ព័ត៌មានជាតិ

គយ រំលឹកម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធ​ ត្រូវរួសរាន់មកចុះបញ្ជី​

ភ្នំពេញ​ ៖​ អគ្គនាយកដ្ឋានគយ​ និងរដ្ឋាករកម្ពុជា (អគរ)​ បានរំលឹកដល់ម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលនៅសេសសល់​ ត្រូវរួសរាន់មកចុះបញ្ជី​ ខណៈ​ការអនុញ្ញាតឱ្យចុះបញ្ជី នឹងត្រូវបញ្ចប់ត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ។​

យោងតាមសេចក្ដីជូនដំណឹងរបស់​ អគ្គនាយកដ្ឋានគយ​ នាថ្ងៃទី២៥​ កក្កដា​ នេះ​បាន​ឱ្យ​ដឹង​ថា​ បន្ទាប់ពីការសម្រេចរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្ដីពីការអនុញ្ញាតឱ្យប្រមូលពន្ធ និងអាករលើរថយន្តចង្កូតស្ដាំគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលនៅសេសសល់ដោយពុំតម្រូវឱ្យកែចង្កូត ម្ចាស់រថយន្តចង្កូតស្តាំគ្រប់ប្រភេទបានយករថយន្តគ្មានពន្ធរបស់ខ្លួន មកចុះបញ្ជីជាបន្តបន្ទាប់។

អគ្គនាយកដ្ឋានគយ​ បានឲ្យដឹងបន្ថែមថា​ គិតចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ រថយន្តចង្កូតស្តាំចំនួន៤,៨៥៤គ្រឿងត្រូវបានយកមកចុះបញ្ជី ដែលក្នុងនោះមានរថយន្តមួយចំនួនបានបំពេញកាតព្វកិច្ចពន្ធនិងអាកររួចហើយ។

អគ្គនាយកដ្ឋានគយ​ បានបញ្ជាក់ថា​ “ដោយឱសានវាទកាន់តែជិតមកដល់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានរំលឹកដល់ម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលនៅសេសសល់ជ្រាបថា ការអនុញ្ញាតឱ្យចុះបញ្ជីនេះនឹងត្រូវបញ្ចប់ត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ។​ ចំពោះរថយន្តដែលចុះបញ្ជីរួច នឹងត្រូវបានទុកពេលវេលាឱ្យម្ចាស់មកបង់ពន្ធនិងអាកររហូតដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២។ ដោយឡែក រថយន្តដែលមិនបានចុះបញ្ជីក្នុងកាលបរិច្ឆេទកំណត់នេះ នឹងចាត់ទុកជារថយន្តគ្មានស្រាប់ក្នុងប្រទេស (ទើបរត់ពន្ធចូលមកថ្មី) ដែលជាមុខសញ្ញានៃការបង្ក្រាប និងរឹបអូសតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន”។

អគ្គនាយកដ្ឋានគយ​ ក៏បានអំពាវនាវជាលើកចុងក្រោយដល់អ្នកកាន់កាប់រថយន្តចង្កូតស្ដាំគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលនៅសេសសល់ ឱ្យរួសរាន់មកចុះបញ្ជីនៅអង្គភាពគយនិងរដ្ឋាករដែលនៅជិតបំផុត យ៉ាងយូរត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីទទួលបានឱកាសក្នុងការបង់ពន្ធនិងអាករដោយមិនតម្រូវឱ្យកែចង្កូត និងពុំរងពិន័យ រហូតដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២។

លេីសពីនេះ​ អគ្គនាយកដ្ឋានគយ​ និងរដ្ឋាករកម្ពុជា​ ក៏បានណែនាំម្ចាស់រថយន្ដគ្មានពន្ធមានស្រាប់ក្នុងប្រទេសទាំងអស់រួសរាន់មកចុះបញ្ជី និងបំពេញកាតព្វកិច្ចពន្ធនិងអាករឱ្យបានទាន់ពេលវេលាកំណត់ដូចបានរំលឹកជូនខាងលើជាកំហិត៕

To Top