កំពង់ចាម ៖ អំណោយរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានយុវជនក្រុម៨ យកទៅផ្តល់ជូនប្រជាពលរដ្ឋទីទ័លក្រ ជនពិការ និងសិស្សានុសិស្សមកពី៤ឃុំ ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩នេះ ជាការចូលរួមចំណែក កាត់បន្ថយភាពក្រីក្រ ក្នុងគោលបំណងស្វែង យល់អំពីសុខទុក្ខ និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ នៅតាមតំបន់ជនបទ ។
ប្រជាពលរដ្ឋចំនួន៤០គ្រួសារ ដែលមកពីឃុំព្រីងជុំរ, ឃុំសំពងជ័យ, ឃុំត្រពាំងគរ និងឃុំស្តើងជ័យ ដោយក្នុង១គ្រួសារទទួលបាន អង្ករ២៥គីឡូ, ទឹកស៊ីវអ៊ីវ, ទឹកត្រី, មី, ស្ករ, អំបិល, ប៊ីចេង, មុង, ភួយ, ក្រម៉ា ព្រមទាំងចែករទេះដល់ជនពិការចំនួន១៥រទេះផងដែរ ។ ដោយឡែកសិស្សសាលាថ្នាក់ទី១ និងទី២ ចំនួន១០០នាក់ ម្នាក់ៗទទួលបាន ៖ កាតាប១, សៀវភៅ៥ក្បាល, ជរ័លុប២ និងខ្មៅដៃ២។ សម្រាប់លោកគ្រូ អ្នកគ្រូ ចំនួន១៤នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន៥ម៉ឺនរៀល។
ក្នុងឱកាសនោះដែរ ក្រុមការងារយុវជនក្រុម៨ ក៏បានយកពូជឬស្សីត្រពាំងផ្អែមចំនួន ៣០០ដើម ទៅចែកជូនប្រជាពលរដ្ឋក្នុងឃុំស្រម៉រ ចំនួន ១៥០គ្រួសារ ដោយក្នុង ១គ្រួសារទទួលបានចំនួន០២ដើម សម្រាប់ទុកធ្វើជាពូជ។
នៅក្នុងឱកាសនោះដែរ លោក ម៉ឹង មករា ប្រធានយុវជនក្រុម៨ បានថ្លែងថា រាជរដ្ឋាភិបាល បាននាំមកនូវសុខសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម បូរណភាពទឹកដី ធ្វើឱ្យប្រជាពលរដ្ឋ មានឱកាស កសាងជីវភាព រីកចម្រើនទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ ដែលមកដល់បច្ចុប្បន្ននេះ បានពង្រីកហេដ្ឋារចនាសម្ព័ន្ធ ទឹក ភ្លើង ដំឡើងប្រាក់បៀវត្ស ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករជាបន្តបន្ទាប់។
ប្រធានយុវជនក្រុម៨ បានទទូចឲ្យប្រជាពលរដ្ឋត្រូវរួមគ្នាថែររក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ រួមគ្នាថែររក្សានូវសមិទ្ធិផលនានារបស់រាជរដ្ឋាភិបាល ដែលបានផ្តល់ជូនឱ្យបានគង់វង្ស សម្រាប់ទុកបន្តដល់កូនចៅជំនាន់ក្រោយៗទៀត ។ ដោយឡែក អាជ្ញាធរ និងប្រជាពលរដ្ឋរបស់យើង ត្រូវរួមគ្នាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ អនុវត្តឱ្យបាន នូវគោលនយោបាយ របស់រាជរដ្ឋាភិបាលស្តីពីភូមិឃុំមានសុវត្ថិភាពជៀស ឱ្យផុតអំពីការប្រើប្រាស់គ្រឿងញៀន បងតូច បងធំ និងក្រុមក្មេងទំនើង ព្រមទាំងចូលរួមគោរពច្បាប់ចរាចរណ៍ និងមិនត្រូវជឿតាមការញុះញង់របស់ជនអគតិមួយក្តាប់តូច ដែលតែងតែរារាំងដល់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ។
ជាចុងក្រោយ លោក ម៉ឺង មករា ប្រធានយុវជនក្រុម៨ បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលតែងតែគិតគូដល់ជីវភាព ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងបានចាត់ឲ្យក្រុមការងារ ចុះជួយប្រជាពលរដ្ឋ នូវតាមមូលដ្ឋានឲ្យបានជាប់ជាប្រចាំ ៕