ព័ត៌មានជាតិ

ផ្តន្ទាទោស ប្រធាន​ រណសិរ្ស​រំដោះជាតិ​ខ្មែរ​ ឈ្មោះ សម សេរី ដាក់គុក ៩ ឆ្នាំ ៦ ខែ ពាក់ព័ន្ធការញុះញង់កងកម្លាំងប្រដាប់អាវុធឱ្យប្រឆាំង និង ផ្តួលរំលំរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ: លោកឃុន សូណា ជាប្រធានចៅក្រមជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀល ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០២២នេះ បានប្រកាសសាលក្រមកំបាំងមុខ និង បានសម្រេចផ្តន្ទាទោស ជនជាប់ចោទ ឈ្មោះ សម សេរី ភេទ ប្រុស ជាប្រធាន​រណសិរ្ស​រំដោះជាតិ​ខ្មែរ​ ( Khmer National Liberation Front) (KNLF) ដែលមានមូលដ្ឋាននៅប្រទេស Denmark ដាក់គុកកំណត់ ៩ ឆ្នាំ និង ៦ ខែ និង ពិន័យជាប្រាក់ចំនួន ៣ លានរៀល បន្ថែមពីលើទោស ជាប់ពន្ធនាគាររបស់គាត់ ពីមុនៗយ៉ាងតិចចំនួន២០ឆ្នាំទៀត ជាប់ទាក់ទងនឹងបទល្មើស រួមគំនិតក្បត់ជាតិ និង អំពើញ៉ុះញ៉ង់ បង្កឱ្យមានអស្ថេរភាពធ្ងន់ធ្ងរដល់សង្គម ប្រព្រឹត្តនៅក្នុងប្រទេសកម្ពុជា ចន្លោះឆ្នាំ ២០១៧ និង ឆ្នាំ ២០១៩។

លោកចៅក្រមបានបញ្ជាក់ថា នៅក្នុងសំណុំរឿងក្តីព្រហ្មទណ្ឌនេះ ជនជាប់ចោទឈ្មោះ សម សេរី ត្រូវបានជាប់ចោទចំនួន២បទចោទ និង មាន២ បទល្មើសផ្សេងគ្នា គឺ ទី ១ បទ: រួមគំនិតក្បត់ តាមបញ្ញត្តិ មាត្រា ៤៥៣ និង ទី២ ពីបទ: ញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម តាមមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ៕ដោយ: លីហ្សា

To Top