បរទេស៖ យោធារុស្ស៊ី និងអ្នកបំបែកខ្លួនគាំទ្រទីក្រុងមូស្គូ បានអះអាងកាលពីថ្ងៃសុក្រថា កងកម្លាំងអ៊ុយក្រែនបានបាញ់ផ្លោង ដាក់ពន្ធនាគារមួយកន្លែង នៅភាគខាងកើតអ៊ុយក្រែន ដោយបានសម្លាប់អ្នកទោស សង្គ្រាមអ៊ុយក្រែនយ៉ាងតិច ៤០នាក់។
យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ ដែលធ្វើឡើងដោយទីភ្នាក់ងារព័ត៌មានរដ្ឋថា “កងកម្លាំងសន្តិសុខអ៊ុយក្រែនបានបាញ់រ៉ុក្កែត HIMARS ទៅលើឯមជ្ឈមណ្ឌលឃុំឃាំង បណ្តោះអាសន្ននៅជិត Olenivka នៅយប់នេះ” ។
បើតាមសេចក្តីថ្លែងការណ៍ ពីក្រសួងការពារជាតិរុស្ស៊ី គឺថា អ្នកទោសសង្រ្គាមអ៊ុយក្រែន – រួមទាំងសមាជិកនៃកងវរសេនាធំ Azov ដែលបានចុះចាញ់ កាលពីខែឧសភាបន្ទាប់ពីការពារទីក្រុងកំពង់ផែ Mariupol ពីខាងក្នុងរោងចក្រដែក Azovstal ដែលត្រូវបានឡោមព័ទ្ធ គឺត្រូវបានឃុំខ្លួននៅពន្ធនាគារ Olenivka ។
ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា អ្នកទោសសង្គ្រាមអ៊ុយក្រែនចំនួន ៤០នាក់ត្រូវបានសម្លាប់ និង ៨៤ នាក់ផ្សេងទៀតរងរបួស។
អាជ្ញាធរនៅសាធារណរដ្ឋប្រជាមានិត Donetsk ដែលបំបែកខ្លួនបានដាក់ចំនួនអ្នកស្លាប់ គឺមានចំនួន ៥៣នាក់៕
ប្រែសម្រួលៈ ណៃ តុលា