យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Yair Lapid កាលពីថ្ងៃសុក្រ បានគំរាមចាត់វិធានការយោធាបន្ថែមទៀត ប្រឆាំងនឹងតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីការវាយប្រហារតាមអាកាស ទៅលើតំបន់ប៉ាឡេស្ទីន។
ការវាយប្រហារតាមអាកាស ដែលត្រូវបានប្រកាសថាជាប្រតិបត្តិការ Breaking Dawn ត្រូវបានធ្វើឡើងប្រឆាំងនឹង ក្រុមជីហាតអ៊ីស្លាមប៉ាឡេស្ទីន (PIJ) ដែលជាអង្គការអ៊ីស្លាមសកម្មនៅក្នុងតំបន់ហ្គាហ្សា ដើម្បី “លុបបំបាត់នូវអ្វីដែលយោធាអ៊ីស្រាអែល ហៅថា ការគំរាមកំហែងដល់ពលរដ្ឋអ៊ីស្រាអែល” ។
យោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីន និង PIJ បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៨ នាក់ រួមទាំងលោក Taysir al-Jabari ដែលជាមេបញ្ជាការក្រុមប្រដាប់អាវុធ នៃក្រុមជីហាត ត្រូវបានសម្លាប់ និង ៤៤នាក់ផ្សេងទៀត បានរងរបួស។
សេចក្តីថ្លែងការណ៍រួមពីលោក Lapid និងរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Benny Gantz បានឲ្យដឹងបន្ទាប់ពីការវាយប្រហារ តាមអាកាសថា “រដ្ឋាភិបាលអ៊ីស្រាអែល នឹងមិនអនុញ្ញាតឱ្យ អង្គការភេរវករកំណត់សម្លេង និងគំរាមកំហែងពលរដ្ឋអ៊ីស្រាអែល” ។
ភាពតានតឹងកាន់តែខ្លាំងឡើង បានកើតឡើង បន្ទាប់ពីកងកម្លាំង អ៊ីស្រាអែល បានចាប់ខ្លួនមន្ត្រីជាន់ខ្ពស់របស់ PIJ នៅទីក្រុងជេនីន នៃតំបន់ West Bank កាលពីថ្ងៃចន្ទ។ បន្ទាប់មក PIJ បានប្តេជ្ញាសងសឹក ដោយជំរុញឱ្យយោធា អ៊ីស្រាអែល បង្កើនការប្រុងប្រយ័ត្នរបស់ខ្លួន នៅតាមបណ្តោយព្រំដែន ភាគខាងត្បូង ជាមួយតំបន់ហ្គាហ្សា៕
ប្រែសម្រួល ឈូក បូរ៉ា