ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧត្តុនិយម បានចេញសេចក្តីជូនដំណឹងថា យោងលើស្ថានភាពអាកាសធាតុ ដែលបាននឹង កំពុងមានការប្រែប្រួល កើតឡើង ដោយសារឥទ្ធិពល ពីប្រព័ន្ធសម្ពាធទាប និងវិសម្ពាធ ដែលនឹងក្លាយទៅជាព្យុះទី ៧ ឈ្មោះ មូឡេន ( MULAN) បណ្តាលឲ្យនៅតំបន់ ផ្ទៃរង ទឹកភ្លៀង នៃទន្លេមេគង្គ ក្នុងប្រទេសថៃ ឡាវ វៀតណាម និងប្រទេសកម្ពុជា មានភ្លៀងធ្លាក់ច្រើន នៅក្នុងអាងទន្លេមេគង្គ ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១-ទឹកទន្លេមេគង្គនឹងហក់ឡើង ក្នុងរយៈពេលពី ៤ ទៅ ៥ ថ្ងៃខាងមុខ ជាពិសេសនៅភាគខាងលើ និងបណ្តាខេត្តនៅក្នុងតំបន់ខ្ពង់រាប នៃប្រទេសកម្ពុជា មានខេត្តស្ទឹងត្រែង ទឹកនឹងអាចឡើងដល់កម្ពស់ ៨,៥០ ម៉ែត្រ, ខេត្តក្រចេះ ទឹកនឹងអាចឡើងដល់កម្ពស់ ១៩,០០ ម៉ែត្រ និងខេត្តកំពង់ចាម ទឹកនឹងអាចឡើង ដល់កម្ពស់ ១២,០០ ម៉ែត្រ ។ ទឹកទន្លេដែលហក់ឡើងនៅពេលនេះ នៅមិនទាន់ដល់កម្រិតប្រកាស ឲ្យមានការប្រុងប្រយ័ត្ន នៅឡើយទេ តែទឹកអាចលិចតំបន់ទំនាបមួយចំនួនអមដងទន្លេ និងហូរចូលទៅតាមបណ្តាព្រែកមួយចំនួន ។
២-ទឹកទន្លេនៅតំបន់ភាគឦសាន រួមមានទន្លេសេកុង ទន្លេសេសាន និងទន្លេស្រែពក ទឹកទន្លេកំពុងហក់ឡើង ដែលអាចប្រឈមនឹងទឹកជំនន់ ៕