ព័ត៌មានជាតិ

លោក ហ៊ុន ម៉ាណែត៖ កុំថាឡើយ រត់ការដីរដ្ឋ ១ពាន់ហិកតា សូម្បីតែមួយការេ ក៏ខ្ញុំមិនប៉ះពាល់ដែរ

ភ្នំពេញ៖ ឆ្លើយតបទៅនឹងការចោទប្រកាន់ ពីសំណាក់បុគ្គលមួយចំនួន លើបញ្ហាការអភិវឌ្ឍតំបន់ភ្នំតាម៉ៅ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់នេះ ដោយលោកអះអាងថា កុំថាឡើយ រត់ការដី១ពាន់ហិកតា របស់រដ្ឋ សូម្បីតែមួយការេ ក៏លោកមិនប៉ះពាល់ដែរ ។

ការចេញមុខបកស្រាយនិងច្រាលចោលនេះ ធ្វើឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយបរទេស ជាភាសាខ្មែរ បានដកស្រង់សម្ដីជនបរទេសម្នាក់ ដែលតែងតែធ្វើសកម្មភាព ក្នុងចេតនា ប្រឆាំងទៅនឹងរាជរដ្ឋាភិបាលកម្ពុជា បានចុះផ្សាយថា “សម្រង់សម្តីសំខាន់ៗ៖ ស្ថាបនិក អង្គការ មាតា ធម្មជាតិ លោក អេឡិច ថា កូនប្រុស លោក ហ៊ុនសែន លោក ហ៊ុនម៉ាណែត នៅពីក្រោយខ្នងគម្រោង«អភិវឌ្ឍន៍» ភ្នំតាម៉ៅ”។

តាមរយៈវីដេអូ ជាង១០នាទី ដែលបានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៩ ខែសីហា ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានបញ្ជាក់ថា លោកមិនមានជាប់ពាក់ព័ន្ធ នឹងការដោះដូរដីនេះឡើយ។
លោក បានបញ្ជាក់ថា មានមនុស្សមិនតិចនោះឡើយ ធ្លាប់ពឹងលោក ដើម្បីរត់ការដោះដូរដីរដ្ឋ តែលោកមិនដែលអន្តរាគមន៍នោះឡើយ។

លោកហ៊ុន ម៉ាណែត បានបញ្ជាក់ថា «កុំថាឡើយការអភិវឌ្ឍ១ពាន់ហិកតា រត់ការដី ១ពាន់ហិកតារបស់រដ្ឋ សូម្បីតែមួយការ៉េ ឬតិចជាង ១ពាន់ការ៉េ ឬប៉ុន្មានរយការ៉េក៏ដោយ ដែលពាក់ព័ន្ធរដ្ឋ អ្នកដែលធ្លាប់រត់ការមកពឹងខ្ញុំដឹងហើយ គឺខ្ញុំមិនប៉ះពាល់ទេ»។

លោកបន្ថែមថា «រាល់ថ្ងៃអ្នកដែលរត់ការគេមិនដែលមកពឹង ហ៊ុន ម៉ាណែត។ អ្នកដែលធ្លាប់រត់ការរកស៊ីគេមិនដែលមកជួប ហ៊ុន ម៉ាណែត ទេ។ គេជួបហើយ គេសាកហើយ គេមិនដែលបាន»។

តាមរយៈវីដេអូដដែលនេះ លោក ហ៊ុន ម៉ាណែត ក៏បានច្រានចោលផងដែរ ចំពោះការចោទប្រកាន់ថា រូបលោកជាប់ពាក់ព័ន្ធក្រុមហ៊ុនរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។ លោកបានអះអាងថា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាអ្នកជួយដល់ក្រុម យុវជនរបស់លោក ប៉ុន្តែការរកស៊ី របស់អ្នកឧកញ៉ា មិនជាប់ពាក់ព័ន្ធគ្នានោះឡើយ។

លោក ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ដែរពីការណែនាំដាច់ណាត់របស់លោកទៅកាន់ក្រុមការងារយុវជនទាំងអស់ថា ការរកស៊ី គឺមិនត្រូវជាប់ពាក់ព័ន្ធនឹងយុវជនរបស់លោក ឬយកការងារយុវជន ដើម្បីកាងការរកស៊ីនោះឡើយ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះ «ចូលក្រុមការងារយុវជន ខ្ញុំដាក់លក្ខខណ្ឌច្បាស់ណាស់ កុំយកការងារយុវជនទៅពាក់ព័ន្ធការងារឯកជនរបស់ខ្លួន។ ខ្ញុំហាមដាច់ខាត អត់មានតិចថាក្រុមការងារយុវជនទៅធ្វើអីខុស ហើយប្រាប់ថាយកលុយហ្នឹងទៅជួយការងារយុវជនមេ អត់ទេណាណែនាំច្បាស់ណាស់»។

លោក ហ៊ុន ម៉ាណែត ក៏បានឆ្លៀតបញ្ជាក់ដែរថា រូបលោក គឺជាមនុស្សដែលទទួលរាល់មតិរិះគន់ ដើម្បីស្ថាបនា។ តែមតិដែលលើកឡើងក្នុងចេតនាទុច្ចរិត គឺលោកមិនទទួលយកជាដាច់ខាត។

សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងការអភិវឌ្ឍនៅតំបន់ភ្នំតាម៉ៅនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចលុបចោល ហើយបញ្ជាឲ្យ រក្សាតំបន់ព្រៃភ្នំតាម៉ៅ ជាតំបន់អភិរក្សការពារជារៀងរហូត ព្រមទាំងប្រែក្លាយតំបន់ដាំដើមឈើឡើងវិញ ជាសួនឬចំការដាំដើមឈើប្រណីត៕

To Top