បរទេស៖ លោកស្រី Kim Yo Jong ដែលជាបងប្អូនបង្កើត របស់មេដឹកនាំ កូរ៉េខាងជើង លោក Kim Jong-un និងជាមន្ត្រីជាន់ខ្ពស់ ក្នុងបក្សកាន់អំណាច របស់ប្រទេសកូរ៉េខាងជើង បានច្រានចោល សំណើជំនួយសេដ្ឋកិច្ច ពីទីក្រុងសេអ៊ូល ជាថ្នូរនឹងការបោះបង់ចោល ឃ្លាំងអាវុធនុយក្លេអ៊ែរ របស់ខ្លួន ដោយហៅគំនិតនេះថាជា “សុបិនមិនសមហេតុផល”។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា លោកស្រី Kim Yo Jong បានបរិហារយ៉ាងក្តៅគគុក លើប្រធានាធិបតី កូរ៉េខាងត្បូង លោក Yoon Suk Yeol នៅក្នុងការអត្ថាធិប្បាយ ដែលធ្វើឡើងដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ កាលពីថ្ងៃព្រហស្បតិ៍ ដោយបានរិះគន់លោកខ្លាំងៗ ចំពោះសុន្ទរកថា នាពេលថ្មីៗនេះ ដែលបង្ហាញពីការបញ្ចប់ ការកាន់កាប់ របស់ជប៉ុន លើឧបទ្វីបក្នុងឆ្នាំ ១៩៤៥ ដែលក្នុងនោះប្រធានាធិបតី កូរ៉េខាងត្បូង ក៏បានស្នើឱ្យមានផែនការ “ក្លាហាន” សម្រាប់ “ការរំសាយអាវុធនុយក្លេអ៊ែរ” របស់កូរ៉េខាងជើង។
ការស្នើនេះ ត្រូវបានលោកស្រី Kim Yo Jong និយាយថា៖ «យល់ល្អ លោកគួរបិទមាត់ ជាជាងនិយាយមិនសមហេតុផល ព្រោះលោកមិនមានអ្វីល្អដែលត្រូវនិយាយនោះទេ។ លោកស្រីបន្ថែមថា “ខ្ញុំនិយាយតែរឿងនេះនៅថ្ងៃនេះ ព្រោះកូរ៉េខាងត្បូងហាក់ដូចជា ចិត្តចង់ដឹងខ្លាំងណាស់ ពីប្រតិកម្មរបស់យើង”៕
ប្រែសម្រួលៈ ណៃ តុលា