ព័ត៌មានអន្តរជាតិ

មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងបើកចំហរសម្រាប់ការចចារគ្នា ជាមួយលោកស្រី អ៊ុងសាន ស៊ូជី ក្រោយកាត់ទោស

រ៉ងហ្គូន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ថា មេដឹកនាំយោធាមីយ៉ាន់ម៉ា បានលើកឡើងកាលពីថ្ងៃសុក្រថា របបយោធាបើកចំហរក្នុងការចរចា ជាមួយមេដឹកនាំដែលត្រូវបាន បណ្តេញចេញពីតំណែង គឺលោកស្រី អ៊ុងសាន ស៊ូជី ដើម្បីបញ្ចប់វិបត្តិដែល បង្កឡើងដោយរដ្ឋប្រហារ បន្ទាប់ពីការកាត់ក្តីរបស់លោកស្រី នៅក្នុងតុលាការដែលគ្រប់គ្រង ដោយរបបយោធាបានបញ្ចប់ ។

លោកស្រី អ៊ុងសាន ស៊ូជី វ័យ៧៧ឆ្នាំ ត្រូវបានឃុំខ្លួន ចាប់តាំងពីឧត្តមសេនីយ៍ បានផ្តួលរំលំរដ្ឋាភិបាលលោកស្រី ក្នុងរដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈឆ្នាំមុន ហើយបានធ្វើឱ្យប្រទេសអាស៊ីអាគ្នេយ៍ មួយនេះធ្លាក់ចូលក្នុងភាពវឹកវរ ។

គួរបញ្ជាក់ថា លោកស្រីត្រូវបានជាប់ពន្ធនាគាររយៈពេល ១៧ឆ្នាំសម្រាប់ការចោទប្រកាន់ និងប្រឈមមុខនឹងការជាប់ ពន្ធនាគារជាច្រើនទស្សវត្ស ប្រសិនបើត្រូវបានកាត់ទោស លើការចោទប្រកាន់ផ្សេងទៀត ដែលនាងកំពុងប្រយុទ្ធនៅក្នុង តុលាការរបបយោធាដែលបិទជិត ។

មេដឹកនាំរបបយោធា លោក Min Aung Hlaing បានលើកឡើងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា “ បន្ទាប់ពីដំណើរការផ្លូវច្បាប់ ប្រឆាំងនឹងលោកស្រី យោងទៅតាមច្បាប់ត្រូវបានបញ្ចប់ យើងនឹងពិចារណា (ការចរចា) ដោយផ្អែកលើការឆ្លើយតបរបស់លោកស្រី” ។

អ្នកសារព័ត៌មានត្រូវបាន គេរារាំងពីដំណើរការនីតិវិធី មេធាវីរបស់លោកស្រីបានត្រូវគេបិទ មាត់មិនឱ្យនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ហើយរបបយោធាមិនបាន ផ្តល់ការចង្អុលបង្ហាញថា នៅពេលណាដែលការកាត់ក្តី របស់លោកស្រីអាចបញ្ចប់នោះទេ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top