គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ថា រដ្ឋធានីគៀវ របស់ប្រទេស អ៊ុយក្រែន បានហាមឃាត់ការ ប្រារព្ធពិធីជាសាធារណៈ នៅក្នុងសប្តាហ៍នេះ ដើម្បីរំលឹក ដល់បុណ្យឯករាជ្យភាព ពីការគ្រប់គ្រង របស់សូវៀត ដោយលើកឡើង ពីការគំរាមកំហែង កាន់តែខ្លាំងឡើង នៃការវាយប្រហារ របស់រុស្ស៊ី នៅក្នុងសង្រ្គាម ដែលអង្គការសហប្រជាជាតិ បានលើកឡើងកាលពីថ្ងៃចន្ទ ដែលបានសម្លាប់ជនស៊ីវិលជិត៥.០០០នាក់ រួមទាំងកុមារជាច្រើននាក់ផងដែរ ។
នៅជិតតំបន់ជួរមុខនៅភាគខាងត្បូង នៃប្រទេសអ៊ុយក្រែន បានឲ្យដឹងថា រុស្ស៊ី បានបាញ់គ្រាប់រ៉ុក្កែតចូលទៅក្នុងទីក្រុងជាច្រើននៅភាគខាងជើង និងខាងលិចនៃរោងចក្រថាមពល នុយក្លេអ៊ែរដ៏ធំបំផុត របស់អឺរ៉ុប ដែលចាប់បានដោយកងកម្លាំង រុស្ស៊ីភ្លាមៗបន្ទាប់ពីពួកគេបានឈ្លាន ពានអ៊ុយក្រែនក្នុងខែកុម្ភៈ ។
ការបាញ់កាំភ្លើងធំ និងគ្រាប់រ៉ុក្កែត នៅជិតបរិវេណរោងចក្រ នុយក្លេអ៊ែរ Zaporizhzhia នៅច្រាំងខាងត្បូងនៃទន្លេ Dnipro បាននាំឱ្យមានការអំពាវនាវ ឱ្យតំបន់នេះគ្មានយោធា ។ ប្រជាជនអ៊ុយក្រែន ដែលរស់នៅក្បែរ រោងចក្រនេះ បានសម្តែងការភ័យខ្លាចថា គ្រាប់ផ្លោងអាចវាយប្រហារ ម៉ាស៊ីនរ៉េអាក់ទ័រមួយក្នុង ចំណោមម៉ាស៊ីនរ៉េអាក់ទ័រទាំង៦ របស់រោងចក្រនេះ ជាមួយនឹងផលវិបាកដ៏មហន្តរាយ ។
លោក Alexander Lifirenko អ្នកស្រុក នៃទីក្រុង Enerhodar ក្បែរនោះ ដែលឥឡូវនេះ ស្ថិតក្រោមការ គ្រប់គ្រង របស់កងកម្លាំងគាំទ្រទីក្រុងម៉ូស្គូ បាននិយាយថា “ពិតណាស់ យើងមានការព្រួយបារម្ភ… វាដូចជាការអង្គុយ លើតំបន់គ្រោះថ្នាក់ដូច្នេះដែរ” ។
គួររំលឹកថា លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានព្រមានថា ទីក្រុងម៉ូស្គូ អាចសាកល្បង “អ្វីដែលអាក្រក់ជាពិសេស” នៅក្នុងដំណើរការរហូត ដល់ខួបឯករាជ្យលើកទី៣១ នៅថ្ងៃពុធ ហើយក៏ជាខួបកន្លះឆ្នាំចាប់តាំងពីប្រទេសរុស្ស៊ីបានធ្វើការឈ្លានពាន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា